ប្រកាសលោក ម៉ុង ម៉េងអាន់ ពីអនុប្រធានពន្ធនាគារព្រៃស ត្រូវបានតែងតាំងជាប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ ជំនួសលោក តាម វៃ ដែលត្រូវចូលនិវត្តន៍
23-07-2025 11:08
(ត្បូងឃ្មុំ)៖ ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំ (គ) សាលាខេត្តត្បូងឃ្មុំ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ និងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ។
សូមជម្រាបថា លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ម៉ុង ម៉េងអាន់ ពីអនុប្រធានពន្ធនាគារព្រៃស ត្រូវបានប្រកាសចូលកាន់មុខតំណែងជាប្រធានពន្ធនាគារថ្មីខេត្តត្បូងឃ្មុំ ខណៈលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ តាម វៃ ត្រូវបានចូលនិវត្តន៍។
នាឱកាសនោះ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ តាម វៃ អតីតប្រធានពន្ធនាគារខេត្តត្បូងឃ្មុំត្បូងឃ្មុំ ឡើងបង្ហាញពីស្ថានភាពទូទៅនៃការគ្រប់គ្រងមន្រ្តី ការគ្រប់គ្រងជនជាប់ឃុំ សមិទ្ធិផលដែលសម្រេចបាន។
គួររំលឹកថា: លោក តាម វៃ ដែលត្រូវចូលនិវត្តន៍នាពេលនេះ លោកបានប្រលូកក្នុងការងារនេះសុទ្ធសាធរយៈពេលជាង៤០ឆ្នាំកន្លងទៅ ក្នុងនោះឆ្លងកាត់ជាប្រធានពន្ធនាគារចំនួន០៣ខេត្ត រួមមានខេត្តបាត់ដំបង កំពង់ធំ និងចុងក្រោយខេត្តត្បូងឃ្មុំ។
ជាមួយគ្នានោះ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ម៉ុង ម៉េងអាន់ ប្រធានពន្ធនាគារខេត្តត្បូងឃ្មុំថ្មី បានឡើងធ្វើការប្តេជ្ញាចិត្ត គោរពនិងប្រតិបត្តិតាមច្បាប់លិខិតបទដ្ឋានគតិយុទ្ធនានា ពិសេសគោរពគោលនយោបាយដ៏ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា, ស្មោះស្ម័គ្រគោរពប្រតិបត្តិ តាមគោលការរបស់ក្រសួងមហាផ្ទៃ, រៀនសូត្រយកគំរូដឹកនាំគ្រប់គ្រងល្អៗ របស់ថ្នាក់ដឹកនាំពន្ធនាគារមុនៗគួបផ្សំជាមួយចំណេះដឹងបទពិសោធន៍ ផ្ទាល់ខ្លួនផងដែរ។
នាឱកាសនោះ លោក ប៉ែន កុសល្យ អភិបាលខេត្ត បានសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ដល់ការប្តេជ្ញាចិត្តយ៉ាងម៉ុតមាំរបស់លោកប្រធានពន្ធនាគារខេត្តត្បូងឃ្មុំថ្មី និងណែនាំឲ្យមានសាមគ្គីភាពផ្ទៃក្នុង មានទំនាក់ទំនងល្អ រវាងមន្ទីរអង្គភាពស្ថាប័ននានាជុំវិញខេត្ត ចំណុះឲ្យរដ្ឋបាលខេត្តផងដែរ។
ស្ថិតក្នុងឱកាសនោះ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត បានប្រគល់ប្រកាសនីយបត្រនិងត្រាជូនដល់លោកប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ ទើបឡើងទទួលតំណែង និងបានមានប្រសាសន៍ណែនាំផ្តាំផ្ញើ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង គោរពអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល ពិសេសត្រូវមានទំនាក់ទំនងល្អ ចូលរួមសហការជាមួយរដ្ឋបាលខេត្ត និងបំពេញកិច្ចការងារនេះឱ្យបានកាន់តែល្អប្រសើរជាងមុនបន្ថែមទៀត៕