ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា អញ្ជើញគោរពវិញ្ញាក្ខន្ធសព និងបំពាក់ឋានន្ដរស័ក្ដិថ្នាក់ឧត្តមសេនីយ៍ឯក ជូនសពឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦
23-07-2025 11:18
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ អញ្ជើញគោរពវិញ្ញាក្ខន្ធសព និងបំពាក់ឋានន្តរសក្កិថ្នាក់ឧត្តមសេនីយ៍ឯក ជូនសពលោកឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ ជាកិច្ចបច្ឆាមរណៈ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ នៅគេដ្ឋានភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា បានបង្ហាញក្ដីក្តុកក្តួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយទទួលដំណឹងថា លោកឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ កងទ័ពជើងគោក បានទទួលមរណភាព នៅថៃ្ងព្រហស្បតិ៍ ៧រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១៩៖៥៧នាទី ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា សូមចូលរួមរំលែកទុក្ខជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក៏ដូចជានាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងពលតូចអន្តរាគមន៍លេខ៦ និងសូមសម្តែងនូវសេចក្តីសង្វេគ ប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅបំផុត។
ការបាត់បង់ ឧត្តមសេនីយ៍ឯក ឈុំ ខេង គឺជាការបាត់បង់ស្វាមី ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តម ចំពោះភរិយា និងជាការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗ ចៅៗ ហើយក៏ជាការបាត់បង់មេបញ្ជាការដ៏អង់អាចក្លាហានរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងពលតូចអន្តរាគមន៍លេខ៦ និងជាឥស្សរជនឆ្នើមមួយរូប នៃកងយោធពលខេមរភូមិន្ទ ដោយបានចូលរួមធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈមនសិការដ៏មោះមុត ក្នុងបុព្វហេតុបមី ជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដីជារៀងរហូតមក។
ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា ក៏សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧត្ដមសេនីយ៍ទោ ឈុំ ខេង សូមឲ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សពឧត្តមសេនីយ៍ឯក ឈុំ ខេង នឹងដង្ហែទៅបូជានៅទីបញ្ជាការកងពល នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការបូជាភ្លើងពីនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក៕