លោក ម៉ម ប៊ុននាង ដឹកនាំគណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា ចុះឈ្វេងយល់អំពីការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ច នៅខេត្តព្រះវិហារ
23-07-2025 11:32
(ព្រះវិហារ)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) បានដឹកនាំគណៈប្រតិភូគណៈកម្មការចុះបំពេញបេសកកម្មនៅខេត្តព្រះវិហារ ក្នុងគោលបំណង ចុះជួបសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរខេត្ត និងឈ្វេងយល់អំពីប្រសិទ្ធភាព និងបញ្ហាប្រឈមនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងការអភិវឌ្ឍមូលដ្ឋាន ដែលបានប្រព្រឹត្ត ទៅកាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងឱកាសនោះដែរ គណៈប្រតិភូគណៈកម្មការទី១០ ព្រឹទ្ធ ស ភា បានអញ្ជើញចុះពិនិត្យទិដ្ឋភាព នៃការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ តាមរយៈការិយាល័យច្រកចេញចូលតែមួយ ការិយាល័យប្រជាពលរដ្ឋ គណៈបញ្ជា ការ ឯកភាពខេត្ត និងបានជួបសំណេះសំណា ល និងពិភាក្សាការងារជាមួយរដ្ឋបាល ខេត្តព្រះវិហារ ដឹកនាំដោយឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត។
នាឱកាសនោះ លោក ម៉ម ប៊ុននាង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ និងលោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ជូនដល់ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងប្រជាពល រដ្ឋទូទាំងខេត្តព្រះវិហារ។ លោកប្រធានគណៈប្រតិភូ បានបន្តជម្រាប ជូនអង្គប្រជុំ អំពីសមិទ្ធផលនានារបស់ព្រឹទ្ធ សភា នីតិកាលទី៥ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា តាមរយៈការអនុវត្តការងារជាអាទិភាពចម្បងចំនួនពីរគឺ៖ ទី១.ការលើកកម្ពស់ការទូតសភា និងទី២.ការចុះជួបប្រាស្រ័យឱ្យកាន់តែជិតស្និទ្ធជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រមជា មួយការអនុវត្តមុខងារស្នូលទាំងបី គឺមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង។
លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា និងបានធ្វើសេចក្តីរាយការណ៍អំពីលក្ខណៈភូមិសាស្ត្រប្រជាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ សក្តានុពលផ្នែកកសិកម្ម ឧស្សាហកម្ម សេវាកម្ម សុខាភិបាល អបរំ ទេសចរណ៍ រ៉ែ និងថាមពល និងជាពិសេសវឌ្ឍនភាពនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងការអភិវឌ្ឍមូលដ្ឋាន។
លោកអភិបាលខេត្ត បានបន្តគូសបញ្ជាក់ថា រដ្ឋបាលខេត្តព្រះវិហារតែងបានធ្វើការ អប់រំផ្សព្វផ្សាយអំពីបទបញ្ញត្តិច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយដល់មន្ត្រី និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងបានបិទផ្សាយ ចងបដាដែលមានខ្លឹមសារប្រឆាំងអំពើពុករលួយ និងបានអនុវត្តច្បាប់យ៉ាងខ្ជាប់ខ្ជួន និងទៀងទាត់ចំពោះមន្ត្រីដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល។ ជាមួយគ្នានេះ ក្នុងនាមឱ្យរដ្ឋបាលខេត្ត ឯកឧត្តមអភិបាលខេត្ត បានធ្វើការបេ្តជ្ញាចិត្តក្នុងការទប់ស្កាត់ និងប្រឆាំងដាច់ខាតនូវអំពើពុករលួយគ្រប់ទម្រង់ គ្រប់រូបភាព និងគ្រប់ជាន់ថ្នាក់ ទាំងក្នុងវិស័យសាធារណៈ និងឯកជន។
បន្ទាប់ពីបានស្តាប់របាយការណ៍ និងពិភាក្សាគ្នាយ៉ាងល្អិតល្អន់ឯកឧត្តមប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពការងារក្រោមការដឹកនាំរបស់លោកអភិបាលខេត្ត លោកប្រធានក្រុមប្រឹក្សាខេត្ត និងដោយមានការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់មន្ត្រីគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានធ្វើឱ្យខេត្តព្រះវិហារមានការរីកចម្រើនលើគ្រប់វិស័យ ការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្តស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របច្ចុកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
លោកប្រធានគណៈកម្មការ បានលើកទឹកចិត្តដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបន្តអប់រំ និងផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយឱ្យបានកាន់តែទូលំទូលាយ ហើយត្រូវនៅឱ្យឆ្ងាយពីអំពើពុករលួយ គោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន និងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ ជាពិសេសគឺការផ្តល់ សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព គណនេយ្យភាព និងសមធម៌ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ៕