ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា រៀបចំពិធីប្រឡងជ្រើសរើសសមណនិស្សិត-និស្សិត ចូលរៀនថ្នាក់បណ្ឌិតជំនាន់ទី២ ឆ្នាំសិក្សា២០២៥-២០២៦

23-07-2025 12:07

(ភ្នំពេញ)៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានរៀបចំពិធីប្រឡងជ្រើសរើសសមណនិស្សិត-និស្សិតចូលរៀនថ្នាក់បណ្ឌិតជំនាន់ទី២ ឆ្នាំសិក្សា២០២៥-២០២៦ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅនេះ នៅសាលវិមានសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។ ពិធីប្រឡងជ្រើសរើសសមណនិស្សិត-និស្សិត ចូលរៀនថ្នាក់បណ្ឌិតជំនាន់ទី២ នេះមានការនិមន្ត និងអញ្ជើញចូលរួមជាអធិបតីភាព ព្រះសុមេធវង្ស បណ្ឌិត សុខ ប៊ុនធឿន ព្រះប្រធានផ្នែកពុទ្ធិកឧត្តមសិក្សា និងពុទ្ធិកក្រោយឧត្តមសិក្សា នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។

ក្នុងនោះក៏មានការចូលរួមពីលោក ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការ ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា តំណាងសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងក្រោមការចាត់តាំងរបស់លោក បណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា។ លោក បណ្ឌិត ម៉ុក សារ៉ុម ប្រធានសាលាថ្នាក់ក្រោយបរិញ្ញាបត្រ និងជាអគ្គនាយករង អគ្គនាយកដ្ឋានអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា ភ្ញៀវកិត្តិយសអន្តរជាតិ លោកសាស្រ្តាចារ្យបណ្ឌិត Anusorn Kunanusorn និងលោក Kraisar Galitwala ព្រមទាំងវត្តមានរបស់លោក លោកស្រី សាកលវិទ្យាធិការរង គណ:គ្រប់គ្រង ព្រះមន្រ្តីសង្ឃ សាស្រ្តាចារ្យ មន្រ្តីរាជការ បុគ្គលិកសិក្សា បេក្ខជនត្រៀមប្រឡងថ្នាក់បណ្ឌិត និងនិស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

ការប្រឡងជ្រើសរើសសមណនិស្សិត-និស្សិតចូលរៀនថ្នាក់បណ្ឌិតជំនាន់ទី២ នេះបានធ្វើឡើងទៅលើឯកទេសចំនួន៩ ដូចជា អក្សរសាស្រ្តខ្មែរ ទស្សនវិជ្ជានិងសាសនា គ្រប់គ្រងធនធានមនុស្ស គ្រប់គ្រងធុរកិច្ច ទំនាក់ទំនងអន្តរជាតិ នីតិសាស្រ្ត រដ្ឋបាលសាធារណ រដ្ឋបាលអប់រំនិងភាពជាអ្នកដឹកនាំ និងវិទ្យាសាស្រ្តអប់រំ ដែលមានវិញ្ញាសា២គឺ វិញ្ញាសាវិទ្យាសាស្រ្តស្រាវជ្រាវ និងវិញ្ញាសាឯកទេស ដែលមានការចូលរួមប្រឡងសមណនិស្សិត-និស្សិតសរុបចំនួន៩៥អង្គ/នាក់។

ក្នុងឱកាសនោះ លោកបណ្ឌិត ម៉ុក សារ៉ុម ប្រធានសាលាថ្នាក់ក្រោយបរិញ្ញាបត្រ បានថ្លែងនូវសុន្ទរកថាស្វាគមន៍ និងថ្លែងរបាយការណ៍ស្តីពីវឌ្ឍនភាព និងសមិទ្ធផលនានានៃសាលាថ្នាក់ក្រោយបរិញ្ញាបត្រ។ បន្ថែមពីនេះ លោកបានថ្លែងទាក់ទងទៅការពង្រឹងគុណភាព ទៅលើការសរសេរនិក្ខេបទថ្នាក់បណ្ឌិត ដើម្បីធានាបាននូវគុណភាពតាមស្តង់ការនៃការអប់រំ ស្របតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្តោតទៅលើអាទិភាពគ្រឹះចម្បងទីមួយ គឺមូលធនមនុស្ស។

ព្រះសុមេធវង្ស បណ្ឌិត សុខ ប៊ុនធឿន ព្រះប្រធានផ្នែកពុទ្ធិកឧត្តមសិក្សា និងពុទ្ធិកក្រោយឧត្តមសិក្សា នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ក៏បានថ្លែងនូវសង្ឃកថាស្តីពី ការសិក្សាអប់រំប្រកបដោយប្រសិទ្ធភាព ដោយព្រះអង្គមានសង្ឃីការផ្តោតសំខាន់ទៅលើវិធីសាស្រ្តសិក្សាអប់រំតាមបែប C4 មានដូចជា៖ ទី១៖ ការផ្លាស់ប្តូរគំនិត និងឥរិយាបថ ការផ្លាស់ប្តូរផ្លូវកាយ (Change), ទី២៖ ការសាងសង់សំណង់រឹងនិងសំណង់ទន់ សំដៅអភិវឌ្ឍធនធានមនុស្ស (Construction), ទី៣៖ ការកែទម្រង់ ចាប់ពីបឋមសិក្សារហូតដល់ឧត្តមសិក្សា (Correction), ទី៤៖ ការអភិវឌ្ឍធនធានមនុស្សតាមបែបវប្បធម៌ (Culture for development)។

បន្ថែមពីនេះទៀតលោក ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានឡើងថ្លែង សុន្ទរកថាសំណេះសំណាល និងប្រកាសបើកការប្រឡងជ្រើសរើសសមណនិស្សិត និស្សិត ចូលរៀនថ្នាក់បណ្ឌិតជំនាន់ទី២។ ដោយលោក​ បានថ្លែងពីវឌ្ឍនភាពដ៏គួរឲ្យស្ញប់ស្ញែង របស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដោយឈរលើបេសកម្មអប់រំ មនុស្សធម៌ និងផ្សព្វផ្សាយ រហូតមានការរីកដុះដាលនូវសមិទ្ធផលនានាជាច្រើនគួរជាទីមោទនៈ។

លោក ងួន ស្ដេនផក្ដី បានថ្លែងបន្តថា ក្រោមព្រះរាជកិច្ចខិតខំប្រឹងប្រែង និងទឹកព្រះទ័យដ៏ថ្លៃថ្លាប្រកបដោយព្រហ្មវិហារធម៌របស់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ និងការគាំទ្រយកចិត្តទុកដាក់ជាទីបំផុត ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការបណ្តុះបណ្តាលអប់រំធនធានមនុស្សពីគ្រប់ទិសទីដោយគ្មានរើសអើង ជាតិសាសន៍ និងនិន្នាការនយោបាយ ដែលការចូលរួមចំណែកដ៏សំខាន់ ក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាពសម្រាប់ទ្រទ្រង់សង្គមជាតិ។ លោកក៏បានសង្កត់ធ្ងន់ និងលើកទឹកចិត្តទៅដល់បេក្ខជនបណ្ឌិតឱ្យមានការខិតខំប្រឹងប្រែង និងមានឆន្ទៈខ្ពស់ក្នុងការសិក្សា ដើម្បីក្លាយជាអ្នកបន្តវេនដឹកនាំសង្គមប្រកបដោយសមត្ថភាពខ្ពស់។

សូមជម្រាបថា ក្រោយពីបញ្ចប់ការថ្លែងសុន្ទរកថា ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន និងលោក ងួន ស្តេចភក្តី រួមជាមួយគណ:គ្រប់គ្រង និងសាស្ត្រាចារ្យបានធ្វើការកាត់វិញ្ញាសារួមគ្នា សម្រាប់ការប្រឡងជ្រើសរើសសមណនិស្សិត-និស្សិតចូលរៀនថ្នាក់បណ្ឌិតជំនាន់ទី២ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ឆ្នាំសិក្សា២០២៥-២០២៦ និងមានការថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍ទៀតផងដែរ៕