នគរបាលបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យធ្វើសកម្មក្នុងការឆបោក តាមរូបភាពផ្សព្វផ្សាយផ្តល់សេវាអ្នកបំរើតាមផ្ទះ ដែលបោកជនរងគ្រោះរាប់រយនាក់ យកប្រាក់ជាង១០ម៉ឺនដុល្លារ

23-07-2025 12:55

(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បា​នសហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប ធ្វើការឃាត់ខ្លួនជនសង្ស័យ០១រូប ឈ្មោះ ឃ.ឡ អាយុ៣៨ឆ្នាំ ដែលជាម្ចាស់ផេកហ្វេសប៊ុក និង តេឡេក្រាម ឈ្មោះ «សេវាកម្មស្រ្តីមេផ្ទះ Easy-Maid»

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឱ្យដឹងថា យោងតាមការទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ នាយកដ្ឋានបានទទួលពាក្យបណ្តឹងលើករណីនេះជាង៣០បណ្តឹង ដែលមានទំហំទឹកប្រាក់ប្រមាណជាង ២ម៉ឺនដុល្លារ ប៉ុន្តែតាមរយៈការស្រាវជ្រាវជំនាញកំណត់បានថា ជនសង្ស័យរូបនេះ បានធ្វើការឆបោកជនរងគ្រោះជាងរយនាក់ និងទំហំទឹកប្រាក់ប្រមាណជាង ១០ម៉ឺនដុល្លារតាំងពីឆ្នាំ២០២២មកម្ល៉េះ។

តាមចម្លើយជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាអ្នកផ្តើមគំនិតបង្កើតផេកនេះ ដើម្បីឆបោកប្រជាពលរដ្ឋពិតប្រាកដមែន ដោយបានធ្វើការផ្សព្វផ្សាយផ្ដល់សេវាកម្មអ្នកបំរើតាមផ្ទះ ដល់ក្រុមគ្រួសារដែលមានតម្រូវការអ្នកបម្រើតាមផ្ទះ ដោយតម្រូវឲ្យជនរងគ្រោះបង់ប្រាក់សេវាកម្មមុន ទើបបញ្ជូនបុគ្គលិកទៅធ្វើការនៅតាមផ្ទះតាមក្រោយ ដោយម្តងៗទទួលបានប្រាក់ចន្លោះ ៣០០ ទៅ ២,០០០ដុល្លារ។ លើសពីនេះជនសង្ស័យខាងលើក៏បានឆបោក បងប្អូនប្រជាពលរដ្ឋដែលរត់ម៉ូតូកង់បី ផាស់អាប់ អោយជួយទទួលប្រាក់តាមរយៈ QR ធនាគារជំនួសរូបគេ និងបានឱ្យពួកគាត់ផ្ទេរតាមរយៈភ្នាក់ងារផ្ទេរប្រាក់មកឱ្យគេវិញ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

ជាមួយគ្នា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សមក្រើនរំលឹក ដល់ប្រជាពលរដ្ឋថា វិស័យបច្ចេកវិទ្យាមានការរីកចម្រើន បានសម្រួលកិច្ចការប្រចាំថ្ងៃ និងការផ្តល់សេវាកម្មមួយចំនួនមានភាពងាយស្រួល ប៉ុន្តែទន្ទឹមនឹងនេះ ជនល្មើសតែងតែបន្លំខ្លួន និងឆ្លៀតឱកាសប្រើប្រាស់បច្ចេកវិទ្យាទាំងនេះដើម្បីឆបោកប្រជាពលរដ្ឋទូទៅ និងសូមក្រើនរំលឹកបន្ថែមដល់សាធារណជនទាំងអស់ ប្រុងប្រយ័ត្ន និងបញ្ឈប់ការទទួលប្រាក់ជំនួសអ្នកដទៃ ដែលមិនមានប្រភពច្បាស់លាស់ ជៀសវាងប្រឈមនឹងបញ្ហាផ្លូវច្បាប់ដោយប្រការណាមួយ៕