តុលាការសម្រេចផ្តន្ទាទោសលោក សម រង្ស៊ី ដាក់ពន្ធនាគារ១ឆ្នាំ៨ខែ ពិន័យ១០លានរៀល និងសងសំណង១០០រៀល (Video inside)
30-03-2017 09:15
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ តុលាការបានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសលោក សម រង្ស៊ី ដាក់ពន្ធនាគារ១ឆ្នាំ៨ខែ ពិន័យ១០លានរៀល និង សងសំណង១០០រៀល ពាក់ព័ន្ធសំណុំរឿងក្ដីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ករណីចោទថា រាជរដ្ឋាភិបាលកម្ពុជា នៅពីក្រោយខ្នង នៃអំពើឃាតកម្មលើលោកបណ្ឌិតកែម ឡី។
សូមជំរាបថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការរឿងក្ដីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ករណីចោទថា រាជរដ្ឋាភិបាលកម្ពុជា នៅពីក្រោយខ្នងនៃអំពើឃាតកម្ម លើលោកបណ្ឌិតកែម ឡី។ ប៉ុន្តែក្រោយការសួរដេញដោល លោកចៅក្រម អ៊ី ថាវរៈ បានលើកពេលប្រកាសសាលក្រមទៅព្រឹកថ្ងៃទី៣០ ខែមីនានេះ។
លោក សម រង្ស៊ី ជាប់ចោទពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម តាមមាត្រា៣០៥ , មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
កន្លងទៅរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ការចោទប្រកាន់របស់លោក សម រង្ស៊ី មកលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថា ជាអ្នកនៅពីក្រោយខ្នងនៃអំពើឃាតកម្មបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នោះ មិនត្រឹមតែប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់សម្តេចតេជោប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងមានចរិតជាការញុះញង់បំផុសបំផុល ក្នុងចេតនាបញ្ឆេះកំហឹងមហាជន ដែលអាចបង្កឲ្យមានចលាចលក្នុងសង្គម និងប៉ះពាល់ដល់ដំណើរការនីតិវិធី របស់តុលាការទៀតផង ។
ជាការឆ្លើយតបនូវការចោទប្រកាន់គ្មានភស្តុតាងនេះ មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ បានសំណូមពរឲ្យតុលាការផ្តន្ទាទោសលោកសម រង្ស៊ី តាមច្បាប់ និងទាមទារសំណងជំងឺចិត្តក្នុងត្រឹមតែ១០០រៀលប៉ុណ្ណោះ៕
សូមទស្សនាវិដេអូ៖