(ព្រះសីហនុ)៖ លោក រូន សារី សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានអញ្ចើញសំណេះសំណាល និងចែកគ្រឿងឧបភោគបរិភោពជូនប្រជាពលរដ្ឋប្រមាណជាង៥០០គ្រួសារ មកពីឃុំចំនួន៣ ក្នុងស្រុកព្រៃនប់ ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុក និងអាជ្ញាធរពាក់ព័ន្ធ។

ថ្លែងក្នុងឱកាសនោះ លោកបានបញ្ជាក់ថា ក្រោមការទំនាក់ទំនងរបស់លោកជាមួយក្រុមការងារឥណ្ឌូនេស៊ី បានរៀបចំកម្មវិធីសួសុខទុក ម៉ៃ តុ បងប្អូន នៅទីនេះ ចំនួន៥០០គ្រួសារ ហើយក៏បាននាំយកនៅកញ្ចប់អំណោយ ដែលជាការផ្តល់ជូនពីសំណាក់ក្រុមការងារឥណ្ឌូនេស៊ី ដែលពួកគាត់ជាអ្នកវិនិយោគនៅកម្ពុជា ហើយនៅខេត្តព្រះសីហនុផងដែរ។

ដោយឡែកថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មីក៏ជិតមកដល់ ពោលគឺថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ លោក អ៉ី ធារិន បានអំពាវនាវដល់អាណាព្យាបាលដែលមានកូនគ្រប់អាយុចុះឈ្មោះចូលរៀន សូមកុំភ្លេចនាំកូនប្រុសស្រីទៅចុះឈ្មោះចូលរៀនឲ្យបានគ្រប់ៗគ្នា ដើម្បីឲ្យក្លាយទៅជាទំពាំងស្នងឬស្សី ជាសសរទ្រូងប្រទេសជាតិទៅថ្ងៃអនាគត។

លោកបានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែជាក្តីព្រួយបារម្មអាចកើតឡើងគ្រប់ពេលវេលា ដែលត្រូវតែប្រុងប្រយ័ត្នមិនអាចប្រហែសបាននោះទេ បើកបរពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់ គោរពច្បាប់ចរាចរណ៍។

ពាក់ព័ន្ធគ្រឿងញៀន ប្រសិនបើឪពុកម្តាយ បានដឹងថាក្នុងសហគមមានអ្នកញៀនថ្នាំ សូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានមានសម្ថកិច្ចជាបន្ទាន់ដើម្បីយកទៅពិនិត្យ បន្សាបនៅមណ្ឌលកែរប្រែ។

សូមជម្រាបថា អំណោយដែលចែកជូនប្រជាពលរដ្ឋ នាពេលនេះ គឺតាមរយ:ក្រុមការងារមកពីប្រទេសឥណ្តូនេស៉ី រួមមាន៖ អង្ករ១០គីឡូក្រាម, ប្រេងឆា១ដប, ស្កសរ ១គីឡូ, មី៥កញ្ចប់, ត្រីខ២កំប៉ុង៕