(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានលើកឡើងថា តំបន់សេដ្ឋកិច្ចពិសេស បានជំរុញឱ្យមានពិពិធកម្មឧស្សាហកម្មលើការផលិតផលិតផលផ្សេងៗក្រៅពីសម្លៀកបំពាក់ និង​ទាក់ទាញមុខសញ្ញាវិនិយោគថ្មីៗ។

លោកបានឱ្យដឹងថា ចាប់តាំងពីកម្ពុជា ផ្តួចផ្តើមនឹងដាក់ឱ្យដំណើរការតំបន់សេដ្ឋកិច្ចពិសេស ​ក្នុងកំឡុងដើមឆ្នាំ២០០៦ ក្រោមការចង្អុលបង្ហាញដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ពិពិធកម្មឧស្សាហកម្មលើផលិតផលផ្សេងៗ ក្រៅពីសម្លៀកបំពាក់​គឺមានកន្សោមឧស្សាហកម្ម ​មានការរីកចម្រើនគួរឱ្យកត់សម្គាល់​ ដែលភាគច្រើនស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា។

ជាមួយគ្នានេះ តំបន់សេដ្ឋកិច្ចពិសេសក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញ មុខសញ្ញាវិនិយោគថ្មីៗ​ មានដូចជា ការផលិតសំបកកង់រថយន្ត សម្ភារៈអេឡិចត្រូនិក បរិក្ខាអេឡិចត្រូនិក គ្រឿងបម្លាស់រថយន្ត គ្រឿងសង្ហារឹម និងការផ្គុំតំឡើងរថយន្ត និងទោចក្រយានយន្តជាដើម។ រីឯកន្សោមឧស្សាហកម្ម ដែលលេចរូបរាងលើមុខសញ្ញាវិនិយោគមួយចំនួន រួមមានការផលិតអំពូលភ្លើងអគ្គិសនី ខ្សែភ្លើង សម្ភារៈតុបតែងគ្រីស្មាស គ្រឿងសង្ហារឹម ក្តាផ្លាកកេ ក្តាបន្ទះ និងគ្រឿងបង្គុំទោចក្រយានយន្ត។ល។

បើតាមលោក ជា វុទ្ធី បច្ចុប្បន្ននេះ នៅកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥២ ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសចំនួន២៨ កំពុងដំណើរការ ដោយស្រូបយកគម្រោងវិនិយោគចំនួន៨៣៥ ក្នុងទុនវិនិយោគ ១២ពាន់លានដុល្លារអាមេរិក និងបានផ្តល់ឱកាសការងារប្រមាណ ២០ម៉ឺនកន្លែង។ គិតដោយឡែកនៅក្នុងខេត្តព្រះសីហនុវិញ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន១២ ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥កំពុងដំណើរការ ហើយស្រូបទាញ​គម្រោងវិនិយោគចំនួន ៣២៤ ក្រោមទុនវិនិយោគ​ប្រមាណ ៥ពាន់លានដុល្លារអាមេរិក និងបានផ្តល់ឱកាសការងារចំនួន៤ម៉ឺននៅខេត្តព្រះហនុ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) ​ដែលជាតំបន់សេដ្ឋកិច្ចពិសេសមួយ ក្នុងចំណោមតំបន់សេដ្ឋកិច្ចទាំង ៥២នៅកម្ពុជា បានឱ្យដឹងថា នៅឆ្នាំ២០២៤ ​RGPPSEZ​ ​សម្រេចការនាំទំនិញក្នុងទំហំទឹកប្រាក់ ១​ ៨៨០លានដុល្លារកើនឡើងចំនួន១៦% បើធៀបនឹងឆ្នាំ​២០២៣ ដែលបានរួមចំណែកប្រមាណ៧% ក្នុងតម្លៃនាំចេញសរុបរបស់ប្រទេសកម្ពុជាទាំងមូល ដែលមានតម្លៃសរុប ២៦.៦៦៤ លានដុល្លារ។

​បច្ចុប្បន្ននេះ RGPPSEZ បានទទួលការវិនិយោគពីក្រុមហ៊ុនចំនួន១១៣ មកពី១៥ប្រទេសជុំវិញសាកលលោក ដែលមានជំនាញ ក្នុងការផលិតផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ ជាពិសេសនៅក្នុងវិស័យឧបករណ៍អេឡិចត្រូនិច និងអគ្គិសនី ការដំឡើងរថយន្ត និងគ្រឿងបង្គំរថយន្ត។ ក្រុមហ៊ុនឧស្សាហកម្មទាំងនេះ បានបង្កើតឱកាសការងារសម្រាប់ប្រជាជនកម្ពុជាចំនួន ៤៧​ ៨០០ នាក់ និងអ្នកជំនាញបរទេសចំនួន ៧០០ នាក់ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ។

គួរជម្រាបផងដែរថា នៅឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​អនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោង ​ក្នុងទុនវិនិយោគសរុបប្រមាណ ៦.៩ពាន់លានដុល្លារ អាមេរិក។ ក្នុងចំណោមគម្រោងវិនិយោគទាំង ៤១៤ គម្រោង គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន២៦៤គម្រោង និង គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១៥០គម្រោង​៕