(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិវីសា (Visa) បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរ (Bakong Tourists App)។
ការដាក់ដំណើរការនេះ នឹងបន្ថែមភាពងាយស្រួលដល់ទេសចរអន្តរជាតិ ដែលធ្វើដំណើរកម្សាន្តនៅកម្ពុជា អាចធ្វើប្រតិបត្តិការទូទាត់បែបឌីជីថល បានយ៉ាងងាយស្រួល ជាមួយអាជីវករប្រមាណ ៤.៥លានកន្លែង នៅក្នុងប្រទេសកម្ពុជា។
ការដាក់ឲ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរនេះ រៀបចំឡើងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រោមការចូលពីលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា, លោក DITH SOCHAL នាយកប្រតិបត្តិនៃធនាគារពាណិជ្ជកម្មបរទេសនៃកម្ពុជា, លោក ARTURO PLANELL អ្នកគ្រប់គ្រងនៃក្រុមហ៊ុន VISA Group Country Manager និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ក្រុមហ៊ុនបណ្តាញទូទាត់អន្តរជាតិ និងវិស័យឯកជនសរុបប្រមាណ ៣០០នាក់។
លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា «តាមរយៈដំណើរការកម្មវិធីនេះ ទេសចរអន្តរជាតិដែលធ្វើដំណើរកម្សាន្តនៅកម្ពុជា អាចធ្វើប្រតិបត្តិការទូទាត់បែបឌីជីថ លបានយ៉ាងងាយស្រួល ដោយគ្រាន់តែទាញយកកម្មវិធីទូទាត់បាគងទេសចរដាក់ក្នុងទូរសព្ទដៃ ដើម្បីចុះឈ្មោះប្រើប្រាស់ហើយភ្ជាប់ជាមួយប័ណ្ណទូទាត់វីសា ដែលមានស្រាប់ពីប្រទេសដើមរបស់ខ្លួន។ បន្ទាប់ពីតភ្ជាប់រួចរាល់ អ្នកប្រើប្រាស់អាចផ្ទេរប្រាក់ចូលក្នុងគណនីបាគង ហើយធ្វើប្រតិបត្តិការទូទាត់តាមខេអេចឃ្យូអរកូត ជាមួយអាជីវករប្រមាណ ៤.៥ លានកន្លែង នៅក្នុងប្រទេសកម្ពុជា។
លោកស្រីបណ្ឌិត ជា សិរី បានបន្ដថា កម្មវិធីទូទាត់បាគងទេសចរ ត្រូវបានបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា ដែលបានដាក់ឲ្យដំណើការជាផ្លូវការការអំឡុងខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ។ កម្មវិធីទូទាត់បាគងទេសចរ មានគោលបំណងសម្រួល និងបន្ថែមភាពងាយស្រួល ដល់ការទូទាត់តាមឌីជីថល សម្រាប់ភ្ញៀវទេសចរអន្តរជាតិ និងអាជីវកម្មក្នុងស្រុក។
លោកស្រីបណ្ឌិតបញ្ជាក់ថា ការដាក់ឱ្យដំណើរការកម្មវិធី ទូទាត់បាគងទេសចរ រវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិវីសា ធ្វើឡើងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងជំរុញសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា ឲ្យឆ្ពោះទៅមុខកាន់តែខ្លាំងក្លាបន្ថែមទៀត ហើយចំពោះការដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរ នឹងផ្ដល់ជូនភ្ញៀវទេសចរអន្តរជាតិនូវសុវត្ថិភាព, បទពិសោធន៍ថ្មី ក្នុងការមកលេងកម្សាន្ដនៅប្រទេសកម្ពុជា។
លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់ថា «ក្នុងនាមធនាគារជាតិនៃកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងារ និងអ្នកពាក់ព័ន្ធចំពោះការខិតខំប្រឹងប្រែង ក្នុងការធ្វើឱ្យគម្រោងនេះក្លាយជាការពិត។ ខ្ញុំសូមលើកទឹកចិត្តដល់ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងអាជីវកម្មទាំងអស់ឱ្យគាំទ្រ និងផ្សព្វផ្សាយកម្មវិធីទូទាត់បាគងទេសចរឲ្យបានសកម្មបន្ថែមទៀត ដើម្បីទទួលបានអត្ថប្រយោជន៍ សម្រាប់ភ្ញៀវទេសចរអន្ដរជាតិ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ»។
សូមជម្រាបថា ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បានដាក់សម្ពោធឲ្យដំណើរការបឋម នូវកម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App» ដើម្បីលើកកម្ពស់សេវាទូទាត់ឱ្យកាន់តែប្រសើរ រួមចំណែកគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួល ដល់ការទូទាត់ជាឌីជីថលលើថ្លៃទំនិញ និងសេវារបស់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅប្រទេសកម្ពុជា។
កម្មវិធីទាត់បាគងទេសចរ «Bakong Tourist App» ជាកម្មវិធីមួយដែលដូចនឹងកម្មវិធីបាគង ដែលបាននិងកំពុងប្រើប្រាស់រាល់ថ្ងៃ ចំពោះកម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App» នឹងផ្ដល់លទ្ធភាពឲ្យទេសចរអាចប្រើប្រាស់ និងមានបទពិសោធន៍ថ្មី នៅពេលដែលពួកគាត់ចូលមកដល់ប្រទេសកម្ពុជា និងសម្រួលដល់ការចាយវាយក្រដាស់ប្រាក់សុទ្ធ៕