(ភ្នំពេញ)៖ ការនាំចូលបរិក្ខារផលិតកម្ម សម្ភារសាងសង់រោងចក្រ និងធាតុចូលផលិតកម្ម សម្រាប់វិស័យស្វាយចន្ទី នឹងត្រូវបានអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(អគរ) ​​​​លើកលែងពន្ធគយ អាករពិសេស អាករលើតម្លៃបន្ថែម ​ដើម្បីជំរុញការកែច្នៃស្វាយចន្ទីឱ្យកាន់តែប្រសើរជាងមុន​ ខណៈកាលពីឆ្នាំ២០២៤ ការកែច្នៃស្វាយចន្ទីមានត្រឹមតែជាង ៣%ប៉ុណ្ណោះ។

នាព្រឹកថ្ងៃ​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នៅសាលាជាតិគយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការលើកទឹកចិត្តផ្នែកគយដល់សមាគមស្វាយចន្ទីកម្ពុជា​ ​ក្នុងគោលបំណងផ្សព្វផ្សាយអំពីការលើកទឹកចិត្តផ្នែកគយ ដើម្បីចូលរួមជំរុញនិងគាំទ្រការពង្រឹងភាពប្រកួតប្រជែង និងការបង្កើនសមត្ថភាពផលិតកម្មក្នុងវិស័យ ស្វាយចន្ទី ហើយជាមួយគ្នានេះ ក៏មានគោលបំណងស្វែងយល់ពីបញ្ហាប្រឈមសំខាន់ៗនៃវិស័យនេះ ដើម្បីជាធាតុចូលសម្រាប់រៀបចំដាក់ចេញនូវយន្តការលើកទឹកចិត្តនិងគាំទ្របន្ថែម។

លោក ប៊ុន ជីវ ប្រធាននាយកដ្ឋានរបបគយ ​បានថ្លែងថា ការលើកទឹកចិត្តផ្នែកគយ ជាការលើកលែងពន្ធគយ អាករពិសេស អាករលើតម្លៃបន្ថែម លើការនាំចូលបរិក្ខារផលិតកម្ម សម្ភារសាងសង់ និងធាតុចូលផលិតកម្ម នៅក្រោមយន្តការច្បាប់ស្តីពីវិនិយោគ និងយន្តការលើកទឹកចិត្តផ្នែកគយសម្រាប់សហ-គ្រាសធុនតូចនិងមធ្យម (SMEs)។ ដើម្បីទទួលបានអត្ថប្រយោជន៍នេះ សម្រាប់ការអភិវឌ្ឍផលិតកម្មរបស់ខ្លួន វិនិយោគិនរួមនឹង SMEs អាចសាកសួរព័ត៌មាននិងដាក់ពាក្យស្នើនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត និងនៅ អគរ។

​លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ ថា ក្នុងការទទួលបានការលើកទឹកចិត្តពន្ធគយនេះ សហគ្រាសក្នុងវិស័យស្វាយចន្ទីត្រូវដាក់ពាក្យស្នើសុំ QIP ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអាចនាំចូលទំនិញ ជាពិសេសទំនិញដែលយកមកបម្រើដល់ការសាងសង់រោងចក្រ ឬបម្រើដល់ខ្សែច្រវ៉ាក់ផលិតកម្មផ្សេងៗនៅក្នុងរោងចក្រ​ ដោយរួចពន្ធ។

លោកបានគូសបញ្ជាក់ថា «ទំនិញដែលនាំចូលក្នុងកម្មវត្ថុនៃការលើកទឹកចិត្ត គឺសម្ភារៈបរិក្ខាផលិតកម្ម គ្រឿងម៉ាស៊ីន ឧបករណ៍ដែលបានប្រើប្រាស់ជាមូលដ្ឋានក្នុងការបំប្លែងធាតុចូលផលិតកម្ម ហើយដែលវត្ថុទាំងនោះមិនអាចបំប្លែងបានដោយខ្លួនឯង ឬមិនត្រូវបានប្រើប្រាស់ក្នុងរយៈពេល២ឆ្នាំបន្ទាប់ពីបាននាំចូល,​ សម្ភារសាងសង់ សម្ភារសំណង់ រួមទាំងឧបករណ៍ បរិក្ខាដែលបានបំប្លែង ឬបានប្រើប្រាស់ទាំងស្រុងនៅក្នុងការបម្រើឱ្យផលិតកម្ម, ធាតុចូលផលិតកម្មទំនិញ រួមទាំងវត្ថុធាតុដើម ផលិតផលពាក់កណ្តាលសម្រេច និងសម្ភារៈបន្ទាប់បន្សំ បម្រើឱ្យផលិតកម្មដែលត្រូវបានបំប្លែង ឬត្រូវបានប្រើប្រាស់យ៉ាងពេញនៅក្នុងដំណើរការកិច្ចពាណិជ្ជកម្មមិនឱ្យហួសពី២ឆ្នាំ បន្ទាប់ពីបាននាំចូល»

លោកបានឱ្យដឹងផងដែរថា ការលើកទឹកចិត្តពន្ធគយនេះ ត្រូវបានផ្តល់យូរណាស់មកហើយ ប៉ុន្តែសមាគមស្វាយចន្ទី​ទើបតែទទួលបានព័ត៌មាននេះ ​ហើយលោកលើកទឹកដល់សហគ្រាសផលិត និងកែច្នៃស្វាយចន្ទី ស្នើសុំបែបបទនៃការលើកលែងពន្ធ​ លើការនាំចូលសម្ភារបម្រើឱ្យផលិតកម្ម​ ដើម្បី​ជួយដល់ការកែច្នៃរបស់ពួកគេឱ្យកាន់តែប្រសើរឡើង។

លោកសង្ឃឹមថា ការកែច្នៃនៅឆ្នាំ២០២៥នេះ នឹងកើនឡើង ស្របពេលដែលរាជរដ្ឋាភិបាល និងវិស័យឯកជននានាបានបង្កើនការផ្សព្វផ្សាយពីសក្តានុពលស្វាយចន្ទីកម្ពុជាទៅកាន់ពិភពលោក។

​បើតាមលោកអួន ស៊ីឡុត វិស័យស្វាយបានជួបបញ្ហាប្រឈមសំខាន់ៗ ដូចជា កង្វះឃ្លាំងសម្ងួតនិងស្តុកទុក កង្វះទុនវិនិយោគ និងកង្វះបរិក្ខារផលិតកម្ម ដែលជាមូលហេតុធ្វើឱ្យការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកនៅមានកម្រិតប្រមាណ ៣.៩% នៃគ្រាប់ស្វាយចន្ទីសរុប។

ឆ្លើយតបនឹងបញ្ហាប្រឈម ជាពិសេសកង្វះបរិក្ខារផលិតកម្ម លោក ប៊ុន ជីវ បានលើកទឹកចិត្តដល់សមាជិកសមាគម និងវិនិយោគិន ស្វែងយល់និងទាញផលប្រយោជន៍ពីគោលនយោបាយជាតិស្តីពីស្វាយចន្ទី តួយ៉ាងដូចជាការលើកទឹកចិត្តផ្នែកគយនេះជាដើម។ ចំពោះបញ្ហាផ្សេងទៀត អគរ នឹងពាំនាំ រាយការណ៍ជូនអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជួយរកដំណោះស្រាយ៕