(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងធ្វើដំណើរទៅកាន់ប្រទេសអ៉ីស្រាអែល និងហ្ស៊កដានី ក្នុងដំណើរទស្សនកិច្ចមួយនៅមជ្ឈិមបូព៌ា រហូតដល់ថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពីមានកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោកប្រធានាធិបតី ចូ បៃដិន និងនាយករដ្ឋមន្ត្រី លោក បេនចាមីន ណេតាន់យ៉ាហ៊ូ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
មន្ត្រីម្នាក់មកពីក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថាលោក Blinken នឹងធ្វើដំណើរទៅកាន់ប្រទេសទាំង២ ខណៈយន្ដហោះរបស់លោកប្រមុខការទូតអាមេរិកចុះចាក់ សាំងក្នុងប្រទេសអៀរឡង់ កាលពីថ្ងៃអាទិត្យ ទី២៨ ខែមេសា ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។ ការប្រកាសពីដំណើរទស្សនកិច្ចរបស់លោក Blinken ធ្វើឡើងក្រោយលោក បៃដិន និងលោក ណេតានយ៉ាហ៊ូ បើកកិច្ចពិភាក្សាតាមទូរស័ព្ទ ដើម្បីជជែកគ្នាពីការស្វែងរកបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា និងកិច្ចព្រមព្រៀង ដោះលែងចំណាប់ខ្មាំង។
ប៉ុន្តែ ខាងក្រសួងការបរទេសអាមេរិក មិនបានបញ្ជាក់លម្អិតអ្វីពីដំណើរទស្សនកិច្ចរបស់លោក Blinken នៅក្នុងប្រទេសអ៉ីស្រាអែល និងហ្ស៊កដានីនោះទេ។
គួរបញ្ជាក់ថា នៅក្នុងសេចក្ដីថ្លែងការណ៍មួយប្រកាសឱ្យដឹងពីដំណើរទស្សនកិច្ចរបស់លោក Blinken ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក លោក Matthew Mille បាននិយាយថាលោក Blinken នឹងប្រឹងប្រែងសម្រួលស្វែងរកបទឈប់បាញ់នៅក្នុងសង្រ្គាមហ្កាហ្សា និងគូសបញ្ជាក់ ពីសារៈសំខាន់ក្នុងការទប់ស្កាត់កុំឱ្យសង្គ្រាមរាលដាលកាន់តែធំ៕