(ហ្គាហ្សា)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានសន្យាបន្តសង្រ្គាមនៅហ្គាហ្សានិងលីបង់ ទោះបីជាមានក្តីសង្ឃឹមថាការស្លាប់របស់មេដឹកនាំហាម៉ាស់ Yahya Sinwar អាចនាំមកនូវសន្តិភាពក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែតុលា​ ឆ្នាំ២០២៤។

លោក Netanyahu បានអះអាងថា សង្រ្គាមនឹងបន្តរហូតដល់ចំណាប់ខ្មាំងអ៊ីស្រាអែលទាំងអស់ត្រូវបានដោះលែង។

ការសម្លាប់ លោក Sinwar ដែលជាមេខ្លោងនៃការវាយប្រហារកាលពីឆ្នាំមុន គឺជាជោគជ័យដ៏សំខាន់មួយសម្រាប់អ៊ីស្រាអែល។ យ៉ាងណាក៏ដោយ ក្រុមហេសប៊ូឡានៅលីបង់បានសន្យាបង្កើនការវាយប្រហារ ហើយអ៊ីរ៉ង់បានអះអាងថា «ស្មារតីនៃការតស៊ូ» នឹងកាន់តែរឹងមាំឡើង។

ការប្តេជ្ញារបស់លោក Netanyahu ក្នុងការបន្តសង្រ្គាម បានធ្វើឱ្យមានការខកចិត្តដល់មេដឹកនាំលោកខាងលិចមួយចំនួន ដែលសង្ឃឹមថាការស្លាប់របស់ Sinwar អាចបើកផ្លូវទៅរកការចរចាសន្តិភាព។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានបង្ហាញក្តីសង្ឃឹមថា ការស្លាប់របស់មេដឹកនាំហាម៉ាស់ Yahya Sinwar អាចបើកផ្លូវឱ្យមានការចរចាបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង។ លោក Miller បានកត់សម្គាល់ថា Sinwar ធ្លាប់បានបដិសេធមិនចរចា ហើយការស្លាប់របស់គាត់អាចលុបបំបាត់ឧបសគ្គចម្បងមួយចំពោះការឈានដល់កិច្ចព្រមព្រៀង។

ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃសុក្រនេះយោធាអ៊ីស្រាអែលបានបញ្ជូនកងទ័ពបន្ថែមទៅកាន់ជំរំជនភៀសខ្លួន Jabalia នៅភាគខាងជើងហ្គាហ្សា ដោយបន្តការវាយប្រហារទ្រង់ទ្រាយធំនៅទីនោះ ក្រោមហេតុផលដើម្បីបញ្ឈប់ក្រុមហាម៉ាស់ពីការប្រមូលផ្តុំឡើងវិញ បន្ទាប់ពីការសម្លាប់មេដឹកនាំ Yahya Sinwar៕