(គូឡាឡាំពួ)៖ ម៉ាឡេស៊ីបានប្រកាសថា ខ្លួននឹងផ្ញើលិខិតតវ៉ាជាផ្លូវការទៅកាន់ប្រទេសហ្វីលីពីន ជុំវិញច្បាប់ដែនសមុទ្រថ្មីរបស់ប្រទេសនេះដែលម៉ាឡេស៊ីអះអាងថា ប៉ះពាល់ដល់ការទាមទាររបស់ខ្លួន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន​ CNA នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

ការតវ៉ានេះធ្វើឡើងបន្ទាប់ពីចិន ក៏បានតវ៉ាប្រឆាំងនឹងច្បាប់ដែនសមុទ្ររបស់ហ្វីលីពីន ដែលចិនចាត់ទុកថា ជាការគំរាមកំហែងដល់អធិបតេយ្យភាពរបស់ខ្លួន។

អនុរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Alamin បានបញ្ជាក់ថា ច្បាប់ថ្មីរបស់ហ្វីលីពីនប៉ះពាល់ដល់ការទាមទាររបស់ម៉ាឡេស៊ី លើរដ្ឋ Sabah នៅលើកោះ Borneo។ លោកបានប្រកាសថា ម៉ាឡេស៊ីនឹងផ្ញើលិខិតតវ៉ាមួយទៅកាន់ហ្វីលីពីន ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការការពារសិទ្ធិអធិបតេយ្យភាព និងបូរណភាពទឹកដី។

ទំនាស់ដែនសមុទ្រ រវាងម៉ាឡេស៊ីនិងហ្វីលីពីន មានតាំងពីយូរយាណាស់មកហើយ។ ហ្វីលីពីន មានការទាមទារលើផ្នែកខាងកើតនៃរដ្ឋ Sabah តាំងពីសម័យអាណានិគម ប៉ុន្តែមិនសូវបានលើកឡើងជាសាធារណៈនោះទេ។ តុលាការកំពូលហ្វីលីពីនក្នុងឆ្នាំ ២០១១ បានសម្រេចថា ការទាមទារនេះមិនត្រូវបានគេបោះបង់ចោលឡើយ។

គួរបញ្ជាក់ថា ការតវ៉ារបស់ម៉ាឡេស៊ីបង្ហាញពីភាពស្មុគស្មាញ នៃជម្លោះដែនសមុទ្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបង្កើនការព្រួយបារម្ភ អំពីស្ថិរភាពនិងសន្តិសុខក្នុងតំបន់។ ជម្លោះនេះ ក៏អាចនឹងប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងការខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង៕