(លីម៉ា)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានចាប់ផ្ដើមដំណើរទស្សនកិច្ចរបស់លោកក្នុងតំបន់អាមេរិកឡាទីន កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ជាមួយការបើកសម្ពោធ កំពង់ផែទឹកជ្រៅដ៏ធំមួយនៅក្នុងប្រទេសប៉េរូ ដែលចិនបានបោះទុនវិនិយោគ ១.៣ពាន់លានដុល្លារ ខណៈទីក្រុងប៉េកាំងកំពុងព្យាយាមពង្រីកពាណិជកម្ម និងឥទ្ធិពលលើទ្វីប មួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ជាមួយតម្រូវការរបស់ចិនក្នុងការនាំចូលផលិតផលកសិកម្ម និងរ៉ែពីអាមេរិកឡាទីន កំពុងកើនឡើង លោក ស៊ី ជីនពីង នឹងត្រូវចូលរួមកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី- ប៉ាស៊ីហ្វិក ហៅកាត់ថា APEC ក្នុងទីក្រុងលីម៉ា ប្រទេសប៉េរូ មុននឹងរូបលោកបន្តដំណើរឆ្ពោះទៅចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ជាទីដែលលោកប្រធានាធិបតីចិន ត្រូវបំពេញទស្សនកិច្ចផ្លូវរដ្ឋមួយផងដែរ។
លោក ស៊ី ជីនពីង និងប្រធានាធិបតីប៉េរូ លោកស្រី Dina Boluarte កាលពីថ្ងៃព្រហស្បតិ៍ បានចូលរួមពីចម្ងាយតាមរយៈវីដេអូ ក្នុងពិធីបើកសម្ពោធកំពង់ផែ Chancay ស្ថិតនៅចម្ងាយ ៨០គីឡូម៉ែត្រពីទីក្រុងលីម៉ា ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់រវាងប្រទេសទាំង២។ បើតាមលោក ស៊ី ជីនពីង កំពង់ផែ Chancay គឺជាជោគជ័យនៃការចាប់ផ្ដើមផ្លូវសូត្រសមុទ្រក្នុងស.វទី២១នេះ និងជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន។ «ចិនមានឆន្ទៈធ្វើការជាមួយប៉េរូ ដើម្បីធ្វើឱ្យគម្រោង Chancay ក្លាយជាចំណុចចាប់ផ្ដើមនៃការពង្រឹងច្រករបៀងសមុទ្រ និងដីគោករវាងចិន និងអាមេរិកឡាទីន»។ នេះជាការបញ្ជាក់របស់បន្ថែមរបស់លោក ស៊ី ជីនពីង។
គួរបញ្ជាក់ថា ក្នុងបទវិចារណាកថាមួយចុះផ្សាយដោយកាសែត El Peruano លោក ស៊ី ជីនពីង បាននិយាយថាគម្រោង Chancay នឹងផ្ដល់ប្រាក់ចំណូលប្រចាំឆ្នាំ ៤.៥ពាន់លានដុល្លារ ព្រមទាំងបង្កើនការងារ ៨០០០កន្លែង ហើយកាត់បន្ថយតម្លៃដឹកជញ្ជូនរវាងចិន និងប៉េរូ បានយ៉ាងហោច ២០ភាគរយ៕