(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតរបស់អឺរ៉ុប ដែលជាក្រុមហ៊ុនផលិតឧបករណ៍ឈីបកុំព្យូទ័រ ASML បានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា នឹងមានកំណើនការលក់ជាមធ្យមកើនឡើងពី ៨% ទៅ ១៤% ក្នុងរយៈពេលប្រាំឆ្នាំខាងមុខនេះ ដោយសារការរីកចម្រើននៃវិស័យ AI។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។
លោក Christophe Fouquet នាយកប្រតិបត្តិ ASML បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងរំពឹងថាសមត្ថភាពរបស់យើងក្នុងការធ្វើមាត្រដ្ឋានបច្ចេកវិទ្យា EUV ទៅក្នុងទសវត្សរ៍ក្រោយ ... កំណត់ទីតាំង ASML បានយ៉ាងល្អក្នុងការរួមចំណែក និងបង្កើនឱកាសបញ្ញាសិប្បនិម្មិត»។ លោកបានបន្ថែមថា ប្រការនេះនឹងអនុញ្ញាតឱ្យ ASML ផ្តល់នូវប្រាក់ចំណូល និងកំណើនប្រាក់ចំណេញច្រើន។ ក្រុមហ៊ុនបានព្យាករណ៍ថា ប្រាក់ចំណូលពី ៤៤-៦០ ពាន់លានអឺរ៉ូ (៤៦-៦៣ ពាន់លានដុល្លារ) នៅឆ្នាំ២០៣០ និងប្រាក់ចំណេញដុលចន្លោះពី ៥៦% ទៅ ៦០%។
គួរជម្រាបថា ក្រុមហ៊ុនផលិតបន្ទះឈីបដែលជាអតិថិជនរបស់ ASML គឺក្រុមហ៊ុន TSMC របស់តៃវ៉ាន់ដែលផលិតបន្ទះឈីប AI សម្រាប់ Nvidia ប្រើប្រាស់ឧបករណ៍ EUV របស់ ASML ដើម្បីបង្កើតឧបករណ៍សៀគ្វី។ ក្រុមហ៊ុននេះត្រូវបានហាមឃាត់មិនឱ្យលក់ EUV របស់ខ្លួន និងភាគច្រើននៃឧបករណ៍ lithography DUV ទៅកាន់អតិថិជនចិនទេ បន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក និងហូឡង់ បានហាមប្រាម៕