(វ៉ាស៊ីនតោន)៖ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te មានគម្រោងឈប់សំចតនៅរដ្ឋ Hawaii និងកោះ Guam នាឱកាសដែលរូបលោកធ្វើទស្សនកិច្ចទៅកាន់ប្រទេសដែនកោះមួយចំនួន ក្នុងតំបន់ប៉ាស៊ីហ្វិក ដែលមានទំនាក់ទំនងការទូតជាមួយតៃប៉ិ នៅប៉ុន្មានសប្ដាហ៍មុខនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពចំនួន៦ដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ ប្រភពទាំងនេះបានបញ្ជាក់ថាលោក Lai មានគម្រោងឈប់សំចតនៅរដ្ឋ Hawaii ជាផ្នែកមួយនៃដំណើរទស្សនកិច្ចនៅឯបរទេស ដែលនឹងធ្វើឡើងនៅប៉ុន្មានសប្ដាហ៍ខាងមុខ ខណៈការឈប់សំចតមួយទៀតនៅកោះ Guam របស់ សហរដ្ឋអាមេរិកក៏កំពុងស្ថិតនៅក្រោមកិច្ចពិភាក្សាផងដែរ។ ទាំងរដ្ឋ Hawaii និងកោះ Guam សុទ្ធតែជាកន្លែងឈរជើងនៃមូលដ្ឋានទ័ពធំៗរបស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ប្រទេសដែនកោះក្នុងតំបន់ប៉ាស៊ីហ្វិកដូចជា Marshall Islands Tuvalu និង Palau គឺស្ថិតក្នុងចំណោមប្រទេសចំនួន ១២ ដែលបន្តរក្សាទំនាក់ទំនងការទូតជាមួយតៃវ៉ាន់។ តែមិនទាន់មានការបញ្ជាក់លម្អិតពីកាលបរិច្ឆេទ ឬក៏ថាតើលោក Lai Ching-te នឹងត្រូវធ្វើទស្សនកិច្ចទៅកាន់ប្រទេសណាមួយឱ្យប្រាកដនៅឡើយទេ៕