(សេអ៊ូល)៖ តុលាការមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកានេះ បានផ្តន្ទាទោសមេដឹកនាំគណបក្សប្រឆាំង លោក Lee Jae-myung ដាក់ពន្ធនាគាររយ​ៈពេល១ឆ្នាំ ជាមួយការព្យួរទោសរយៈពេល២ឆ្នាំ ពីបទបំពានច្បាប់បោះឆ្នោត ហើយការផ្តន្ទាទោសនេះដែរបើមិនមានអ្វីប្រែប្រួលទេ វាអាចបំផ្លាញដល់ការប៉ុនប៉ងរបស់លោកដែលចង់ឈរឈ្មោះចូលរួម ប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៧។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅបន្ទាប់ពីសវនាការកាត់ទោស លោក Lee បាននិយាយថាលោកនឹងប្ដឹងឧទ្ធរណ៍។ «ខ្ញុំនឹងប្ដឹងឧទ្ធរណ៍។ ដោយចាប់ផ្ដើមជាមួយការពិតជាមូលដ្ឋាន នេះគឺជាការសម្រេចចិត្តមួយដែលពិបាក នឹងទទួលយក»។ នេះជាការគូសបញ្ជាក់របស់លោក Lee។ ប្រសិនបើការប្ដឹងឧទ្ធរណ៍របស់លោកបរាជ័យ ហើយការផ្តន្ទាទោសដាក់ពន្ធនាគារនៅតែត្រូវបានរក្សាទុកជាបានការ នោះលោក Lee អាចនឹងត្រូវបានដកអភ័យឯកសិទ្ធិក្នុងនាមជាអ្នកតំណាងរាស្ត្រ ហើយលោកនឹងមិនមានសិទ្ធិឈរឈ្មោះក្នុងការបោះឆ្នោតរយៈពេល៥ឆ្នាំ។

គួរបញ្ជាក់ថា លោក Lee Jae-myung គឺជាមេដឹកនាំគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងធំបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង។ លោក Lee ដែលបានបរាជ័យក្រោមថ្វីដៃលោក យូន ស៊ុកយុល ជាប្រធានាធិបតីកូរ៉េខាងត្បូងសព្វថ្ងៃ ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២២ បានប្រឈមមុខនឹងសវនាការចំនួន៤ ក្រោយត្រូវបានចោទប្រកាន់លើបទល្មើសជាច្រើន ក្នុងនោះរួមមាន ទំាងការទទួលសំណូក និងប្រព្រឹត្តអំពើពុករលួយ។ លោក Lee ត្រូវបានតុលាការរកឃើញថាមានពិរុទ្ធពីបទបំពានច្បាប់បោះឆ្នោតតាមរយៈការនិយាយកុហក អំឡុងការធ្វើសវនកម្មរបស់សភា កាលពីឆ្នាំ២០២១ ខណៈរូបលោកឈរឈ្មោះជាបេក្ខជនប្រធានាធិបតី អំពីគម្រោងអភិវឌ្ឍដីមួយកន្លែង ក្នុងទីក្រុង Seongnam កាលដែលរូបលោកកាន់តំណែងជាចៅហ្វាយក្រុង។

ដោយឡែក ក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃសុក្រនេះ តុលាការមួយក្នុងទីក្រុងសេអ៊ូល បាននិយាយថាការផ្សព្វផ្សាយព័ត៌មានមិនពិតអំឡុងដំណើរការនៃការបោះឆ្នោត បានរារាំងអ្នកបោះឆ្នោត ពីការធ្វើការសម្រេចចិត្តត្រឹមត្រូវ និងអាចបំផ្លាញប្រជាធិបតេយ្យ៕