(ហ្សេរុយសាឡឹម)៖ មន្ត្រីជាន់ខ្ពស់នៃក្រុមហាម៉ាស់ នៅថ្ងៃសុក្រនេះបានប្រកាសថា ក្រុមនេះត្រៀមខ្លួនរួចរាល់សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា និងបានអំពាវនាវឱ្យប្រធានាធិបតីអាមេរិកដែលទើបជាប់ឆ្នោតថ្មី លោក ដូណាល់ ត្រាំ ដាក់សម្ពាធលើអ៊ីស្រាអែលឱ្យបញ្ចប់សង្រ្គាមនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។
ការអំពាវនាវនេះធ្វើឡើងនៅថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ចំពេលមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំង រវាងអ៊ីស្រាអែលនិងហាម៉ាស់នៅក្នុងតំបន់ហ្គាហ្សា។
លោក Bassem Naim សមាជិកការិយាល័យនយោបាយរបស់ហាម៉ាស់បានបញ្ជាក់ថា ក្រុមហាម៉ាស់ បានត្រៀមខ្លួនរួចរាល់ដើម្បីឈានដល់បទឈប់បាញ់ ប្រសិនបើមានសំណើ និងការគោរពពីសំណាក់អ៊ីស្រាអែល។ លោកក៏បានអំពាវនាវឱ្យរដ្ឋបាលអាមេរិកថ្មី ដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យបញ្ចប់ការវាយប្រហារនៅតំបន់ហ្គាហ្សា។
ក្រុមហាម៉ាស់ក៏បានបញ្ជាក់ពីលក្ខខណ្ឌសម្រាប់បទឈប់បាញ់របស់ខ្លួនផងដែរ ដែលរួមមាន ការដកទ័ពអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សា ការអនុញ្ញាតឱ្យជនភៀសខ្លួនវិលត្រឡប់មកវិញ ការដោះដូរអ្នកទោស ការផ្តល់ជំនួយមនុស្សធម៌និងការកសាងឡើងវិញ។
គួរបញ្ជាក់ថា ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីប្រទេសកាតាដែលជាអ្នកសម្របសម្រួលសំខាន់ ក្នុងការចរចាបទឈប់បាញ់បានប្រកាសដកខ្លួនពីតួនាទីនេះ ដោយសារតែខ្វះការប្តេជ្ញាចិត្តពីភាគីទាំងពីរ។ សង្រ្គាមរវាងអ៊ីស្រាអែលនិងហាម៉ាស់ បានអូសបន្លាយអស់រយៈពេលជាងមួយឆ្នាំ ដោយបានបណ្តាលឱ្យមានមនុស្សស្លាប់និងរបួសរាប់ម៉ឺននាក់៕