(សេអ៊ូល)៖ នៅថ្ងៃអាទិត្យនេះ តុលាការនៅប្រទេសកូរ៉េខាងត្បូង បានសម្រេចពន្យារបន្ថែមទៀត នូវរយៈពេលឃុំខ្លួនប្រធានាធិបតី លោក Yoon Suk Yeol រហូតដល់២០ថ្ងៃ ជាហេតុបង្កឱ្យមានការតវ៉ាដោយហិង្សា ពីសំណាក់ក្រុមអ្នកគាំទ្ររបស់លោកចំនួន​រាប់រយនាក់ ដែលបាននាំគ្នាសម្រុកចូលអគារតុលាការ និងបង្កការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងនោះ មុនប៉ូលិសអាចស្តារសណ្តាប់ធ្នាប់ បានឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២៥។

កាលពីសប្តាហ៍មុន លោក Yoon បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេ ដែលត្រូវបានចាប់ខ្លួន ខណៈប្រឈមមុខនឹង​ការចោទប្រកាន់ពីបទបះបោរ ពាក់ព័ន្ធការប្រកាសច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាសរបស់លោក កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ដែលបានរុញច្រានប្រទេសឱ្យធ្លាក់ក្នុងវិបត្តិនយោបាយ។

កាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្រុមអ្នកស៉ើបអង្កេតបានស្នើសុំតុលាការ ពន្យាររយៈពេលនៃការឃុំខ្លួន លោក Yoon បន្ទាប់រូបលោក មិនព្រមឱ្យគេសួរចម្លើយ។ តុលាការបានសម្រេចយល់ព្រមតាមសំណើរបស់ក្រុមអ្នកស៉ើបអង្កេត ក្រោមហេតុផលថា លោក Yoon អាចនឹងបំផ្លាញភស្តុតាងផ្សេងៗ។

យ៉ាងណាមិញ មិនយូរប៉ុន្មាន ក្រោយសេចក្តីសម្រេចរបស់តុលាការ ត្រូវបានប្រកាសនៅម៉ោងប្រមាណជា ៣ទាបភ្លឺថ្ងៃអាទិត្យនេះ ក្រុមអ្នកគាំទ្រលោក Yoon រាប់រយនាក់ ក៏បាននាំគ្នា សម្រុកចូលអគារតុលាការ។ ពួកគេបានទម្លុះខ្សែការពាររបស់ប៉ូលិស ហើយ​ចូលទៅបំផ្លាញសម្ភារការិយាល័យ និងគ្រឿងសង្ហារិមផ្សេងៗ នៅក្នុងនោះ។ ប៉ុន្មានម៉ោងក្រោយមក ប៉ូលិសក៏ស្តារសណ្តាប់ធ្នាប់បាន​ឡើងវិញ ហើយបានឱ្យដឹងថា មកទល់ពេលនេះ បាតុករ៤៦នាក់ ត្រូវបានចាប់ខ្លួន។

គួរបញ្ជាក់ថា ក្រោមដីកាថ្មីខាងលើរបស់តុលាការ លោក Yoon អាចត្រូវឃុំខ្លួនបានរហូតដល់២០ថ្ងៃ។ ច្បាប់កូរ៉េខាងត្បូង តម្រូវឱ្យជនសង្ស័យ ដែលជាប់ឃុំក្រោមដីកាតុលាការ ត្រូវឆ្លងកាត់ការត្រួតពិនិត្យរូបរាងកាយ ថតរូប mugshot ដែលគេនិយម​ហៅថា ការថតរូបវាស់កម្ពស់ ហើយស្លៀកឯកសណ្ឋានអ្នកជាប់ពន្ធនាគារ៕