(ប៉េកាំង)៖ គណៈកម្មាធិការយោធាមជ្ឈិមចិន រៀបចំធ្វើការសម្តែងសិល្បៈអបអរឆ្នាំថ្មីប្រពៃណីចិន ដើម្បីសួរសុខទុក្ខកម្មាភិបាល អតីតយុទ្ធជននៃកងទ័ពរំដោះប្រជាជនចិន ប្រចាំនៅទីក្រុងប៉េកាំង លោក Xi Jinping ចូលរួមនិងប្រសិទ្ធពរឆ្នាំថ្មី ជូនចំពោះអតីតយុទ្ធជននៃកងទ័ពរំដោះប្រជាជនចិនទាំងមូល ខណៈពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ខិតចូលមកដល់។

នៅថ្ងៃទី ១៧ ខែមករា នៅទីក្រុងប៉េកាំង គណៈកម្មាធិការយោធាមជ្ឈិមចិន បានប្រារព្ធធ្វើការសម្តែងសិល្បៈអបអរសាទរឆ្នាំថ្មីចិន ដើម្បីសម្តែងការសួរសុខទុក្ខចំពោះកម្មាភិបាលអតីតយុទ្ធជន នៃកងទ័ពរំដោះប្រជាជនចិនប្រចាំនៅទីក្រុងប៉េកាំង។ លោក Xi Jinping អគ្គលេខាធិកា រនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញចូលរូមទស្សនាការសម្តែងសិល្បៈ និងបានសម្តែងការសួរសុខទុក្ខ និងប្រសិទ្ធពរឆ្នាំថ្មីជូនចំពោះ សមមិត្តអតីតយុទ្ធជនដែលមានវត្តមាន និងកម្មាភិបាលយោធាចូលនិវត្តន៍នៃកងទ័ពទាំងមូល។

លោក Xi Jinping បានរំលឹកជាមួយអង្គប្រជុំគ្រប់រូប នូវសមិទ្ធផលសំខាន់ៗដែលទទួលបានក្នុងកិច្ចការបក្ស ជាតិ និងយោធាក្នុងឆ្នាំកន្លងទៅ។ សមមិត្តអតីតយុទ្ធជនបានសម្តែងជាឯកច្ឆ័ន្ទថា គួរតែរួបរួមយ៉ាងជិតស្និទ្ធបន្ថែមទៀតនៅជុំវិញ គណៈកម្មាធិការមជ្ឈិមបក្សដែលមានលោក Xi Jinping ជាស្នូល ប្រកាន់ខ្ជាប់នូវការអនុវត្តតាមការណែនាំរបស់ គំនិតសង្គមនិយម ដែលមានលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មីរបស់លោក Xi Jinping អនុវត្តយ៉ាងស៊ីជម្រៅនូវគំនិតស្តីពី ការពង្រឹងកម្លាំងយោធា របស់លោក Xi Jinping បន្តខិតខំប្រឹងប្រែងដើម្បីរួមចំណែកយ៉ាងសកម្ម ក្នុងការសម្រេចបាននូវគោលដៅមួយសតវត្ស នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ក៏ដូចជាការជំរុញដោយគ្រប់ជ្រុងជ្រោយ នូវការកសាងប្រទេសខ្លាំង និងការស្តារភាពរុងរឿងរបស់ប្រជាជាតិឡើងវិញ តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន