(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃចន្ទ ទី២០ ខែមករា បានទទួលស្គាល់ជាឯកច្ឆន្ទសមាជិកព្រឹទ្ធសភា លោក Marco Rubio ដែលមានជំហរតឹងរ៉ឹងចំពោះចិន និងគាំទ្រអ៉ីស្រាអែល ផ្កាប់មុខ ជារដ្ឋមន្ត្រីការបរទេសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតគាំទ្រការតែងតាំងលោក Marco Rubio ជាប្រមុខការទូតអាមេរិក ក្នុងសំឡេងគាំទ្រ៩៩ ទល់នឹង០សំឡេង បន្ទាប់ពីសមាជិកនៃគណៈកម្មាធិការទំនាក់ទំនង ការបរទេស និងគណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃព្រឹទ្ធសភាអាមេរិក ប្រកាសទទួលស្គាល់រូបលោក Rubio ដែលបានក្លាយជាមន្ត្រីជាន់ខ្ពស់ដំបូងបំផុតក្នុងជួរគណៈរដ្ឋមន្ត្រីរបស់លោក ត្រំា ដែលត្រូវបានព្រឹទ្ធសភាអនុម័តទទួលស្គាល់។

គួរបញ្ជាក់ថា លោក Marco Rubio មានអាយុ ៥៣ឆ្នាំ គឺជាមនុស្សម្នាក់មានជំហរតឹងរ៉ឹងចំពោះចិន និងគាំទ្រអ៉ីស្រាអែលផ្កាប់មុខ។ អំឡុងការបោះឆ្នោតទទួលស្គាល់ លោក Rubio បានព្រមាន ថាសហរដ្ឋអាមេរិកត្រូវតែផ្លាស់ប្ដូរដំណើរសព្វថ្ងៃ ដើម្បីបញ្ចៀសកុំឱ្យពឹងផ្អែកលើចិន ហើយក៏បានសន្យាដែរថានឹងពង្រឹងគោលនយោបាយការបរទេសអាមេរិកដោយផ្ដោតលើផលប្រយោជន៍ របស់សហរដ្ឋអាមេរិកជាធំ៕