(បរទេស)៖ ប៉ុន្មានថ្ងៃនេះ ព័ត៌មានទាក់ទងនឹងការបិទ TikTok នៅសហរដ្ឋអាមេរិក បានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើន ជាពិសេសគឺបណ្ដាព័ត៌មាន និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។ ហេតុផលដែលនាំឱ្យអាមេរិកចេញបទបញ្ជាប្រតិបត្តិបិទកម្មវិធីទូរសព្ទចិនគឺក្រោមហេតុផលសន្តិសុខជាតិ ប៉ុន្តែក៏មានការលើកឡើងផ្សេងក្រៅពីនេះផងដែរគឺវាជាសង្គ្រាមទីផ្សារបច្ចេកវិទ្យា។ តើនរណាជាអ្នកទទួលបានផលចំណេញច្រើនជាងគេបំផុត បើសិនជា TikTok ត្រូវបានបិទជាស្ថាពរនៅសហរដ្ឋអាមេរិក?
ការហាមប្រាម TikTok នៅសហរដ្ឋអាមេរិកអាចនាំឱ្យមានអត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម និងក្រុមហ៊ុនធំៗមួយចំនួនដូចខាងក្រោម៖
១) ក្រុមហ៊ុន Meta ( មាន Facebook, Instagram និង WhatsApp)
អ្នកវិភាគមកពី Morgan Stanley បានលើកឡើងថា Facebook គឺជាអ្នកទទួលបានផលចំណេញច្រើនជាងគេ ខណៈដែលបណ្ដាញសង្គមយក្សមួយនេះបានបាត់បង់ស្ទើរគ្រប់យ៉ាងចាប់តាំងពីមានវត្តមានរបស់ TikTok នៅលើទឹកដីសហរដ្ឋអាមេរិក។ មិនត្រឹមតែអ្នកប្រើប្រាស់បានងាយទៅប្រើ TikTok ប៉ុន្តែទោះទេ សូម្បីតែអ្នកផលិតមាតិកា ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម បានងាកទៅរក TikTok គ្រប់គ្នា ដែលនាំឱ្យ Facebook ខាតបង់ប្រាក់ចំណូលយ៉ាងច្រើនសន្ធឹក។ យោងតាមរបាយការណ៍ចុងក្រោយបានបង្ហាញឱ្យដឹងថា នៅឆ្នាំ២០២១ TikTok រកចំណូលពីការផ្សព្វផ្សាយពាណិជ្ជកម្មនៅសហរដ្ឋអាមេរិកបានរហូតដល់ ៤ពាន់លានដុល្លារ ហើយនៅឆ្នាំ២០២៤នេះ ត្រូវបានគេប៉ាន់ប្រមាណថាមានចម្លោះពីជាង ១០ ទៅ ១១ពាន់លានដុល្លារអាមេរិក ប្រហែល ៥០ ទៅ ៦០ភាគរយនៃប្រាក់ចំណូលពាណិជ្ជកម្មសរុបរបស់ TikTok ទាំងមូល។
បើសិនជា TikTok បិទ នោះអ្នកប្រើប្រាស់ TikTok នឹងត្រឡប់ទៅកាន់ Instagram និង Facebook ដែលជាជម្រើសដ៏ស័ក្តិសមសម្រាប់ពួកគេ ហើយការផ្សព្វផ្សាយពាណិជ្ជកម្មវានឹងចាប់ផ្ដើមកើនឡើង ព្រោះតែអ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់ប្រាស់បានត្រឡប់មកវិញ។
២) បណ្ដាញសង្គមវីដេអូយក្ស YouTube
YouTube ត្រូវបានគេស្គាល់ថាជាបណ្ដាញសង្គមវីដេអូដែលមានប្រជាប្រិយភាព និងរកចំណូលបានច្រើនជាងគេបំផុត សម្រាប់អ្នកប្រើប្រាស់។ YouTube បានដាក់ចេញនូវមុខងារ YouTube Shorts ដើម្បីបង្កើតការទាក់ទាញដល់អ្នកប្រើប្រាស់កុំឱ្យងាកទៅរក TikTok ហើយវាក៏ជាប្រភពចំណូលមួយដ៏សំខាន់ផងដែរសម្រាប់អ្នកផលិតមាតិកា។ បើសិនជា TikTok បិទមែន នោះ YouTube គឺជាអ្នកទទួលបានផលចំណេញច្រើនផងដែរ ដោយទទួលបានទាំងអ្នកប្រើប្រាស់ អ្នកផលិតមាតិកា និងអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម។
៣) វេទិកា និងបណ្ដាញសង្គមផ្សេងៗទៀត
Snapchat, Pinterest និង Roblox ក៏មិនសប្បាយចិត្តចំពោះវត្តមានរបស់ TikTok នៅលើទឹកដីដុល្លារមួយនេះផងដែរ។ ត្បិតតែ TikTok ជាវេទិកាសង្គមសម្រាប់ការកម្សាន្តបែបវីដេអូខ្លីៗ ប៉ុន្តែវាបានប្រមូលអ្នកអនឡាញឱ្យទៅប្រើប្រាស់ពេលវេលាប្រចាំថ្ងៃជាមួយវាច្រើនជាងបណ្ដាញសង្គមណាៗទាំងអស់។ ចំណុចនេះហើយដែលនាំឱ្យក្រុមហ៊ុនផ្សព្វផ្សាយបានធ្វើការកាត់បន្ថយការផ្សព្វផ្សាយពួកគេនៅលើបណ្ដាញសង្គម និងទេវិកាអនឡាញផ្សេងៗ ដោយផ្ដល់ចំណេញដ៏ធំទៅលើ TikTok។
៤) ប្រព័ន្ធផ្សព្វផ្សាយ និងភ្នាក់ងារផ្សាយពាណិជ្ជកម្មបែបប្រពៃណី
ប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីដែលមានដូចជា កាសែត ទស្សនាវដ្ដី ព្រឹត្តិបត្រ វិទ្យុ និងទូរទស្សន៍ អាចនឹងទទួលបានអត្ថប្រយោជន៍ត្រឡប់មវិញពីរធំៗគឺចំនួនអ្នកអានប្រចាំថ្ងៃ និងការផ្សព្វផ្សាយពាណិជ្ជកម្ម។ កន្លងមក នៅពេលដែល TikTok ចាប់ផ្ដើមវាយឡុកទីផ្សារអាមេរិកគឺការផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយប្រពៃណីត្រូវបានកាត់បន្ថយ។
៥) គូប្រកួតប្រជែងនៅក្នុងពិភពផលិតមាតិកាវីដេអូខ្លី (Short-Video)
វេទិកាថ្មីៗ ឬដែលបានចាប់ផ្ដើមដំណើរការឡើងហើយ តែមិនទាន់ល្បី ដែលមានមុខងារស្រដៀងគ្នាទៅនឹង TikTokអាចទទួលបានការចាប់ អារម្មណ៍ នៅពេលដែលអ្នកប្រើប្រាស់ស្វែងរកជម្រើសជំនួស TikTok ។
សរុបមក ខណៈពេលដែលការហាមប្រាម TikTok នឹងជះឥទ្ធិពលអវិជ្ជមានដល់អ្នកប្រើប្រាស់ចំនួន ១៧០លាននាក់នៅសហរដ្ឋអាមេរិក និងអាជីវកម្មខ្នាតតូចជាច្រើនដែលពឹងផ្អែកលើវេទិកាសម្រាប់ទីផ្សារ និងការលក់ វាបង្ហាញពីឱកាសសម្រាប់បណ្ដាញសង្គមដែលមានលក្ខណៈស្រដៀងគ្នា ដូចជា Meta និង YouTube ដើម្បីពង្រីកលទ្ធភាព និងប្រាក់ចំណូល៕