(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃចន្ទ ទី២០ ខែមករា បានសម្តែងការចូលរួមអបអរចំពោះ ការស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយបានសាទរឱកាស ដើម្បីឆ្ពោះទៅសម្រេចឱ្យបាន នូវសន្តិភាពមួយដែលមានយុត្តិធម៌ សម្រាប់ប្រទេសរបស់លោក ដែលស្ថិតក្រោមការឈ្លានពានរបស់រុស្ស៉ី អស់រយៈពេលជិត​៣ឆ្នាំមកហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក ត្រាំ ធ្លាប់បានអំពាវនាវជាច្រើនលើកឱ្យមានបទឈប់បាញ់ សម្រាប់សង្រ្គាមអ៊ុយក្រែន ហើយបានសន្យាថា នឹងព្យាយាមបញ្ចប់​សង្រ្គាមឱ្យបានឆាប់រហ័ស ប៉ុន្តែលោកបានដែលបញ្ជាក់ច្បាស់ថា នឹងសម្រេចគោលដៅនោះ ដោយរបៀបណាឡើយ។ សរសេរសារ​នៅលើប្រព័ន្ធ X លោក ហ្សេលេនស្គី បានលើកឡើងដូច្នេះថា «លោកប្រធានាធិបតី ត្រាំ តែងតែម៉ឺងម៉ាត់ជានិច្ច ហើយគោលនយោបាយ ដែលរូបលោកបានប្រកាសកន្លងមក ផ្តល់នូវឱកាសមួយ ដើម្បីពង្រឹងភាពជាអ្នកដឹកនាំរបស់អាមេរិក និងដើម្បីសម្រេចបានសន្តិភាពយូរអង្វែង និងមានយុត្តិធម៌ ដែលជា​អាទិភាពចម្បងបំផុត»។

គួរបញ្ជាក់ថា អ៊ុយក្រែន មើលឃើញការកសាងទំនាក់ទំនងជិតស្និទ្ធ ជាមួយរដ្ឋាភិបាលអាមេរិកថ្មី គឺជាកូនសោគន្លឹះមួយ ហើយមកទល់នឹងពេលនេះ បានព្យាយាមបង្ហាញភាពបើកចំហ ចំពោះលោក ត្រាំ ចាប់តាំងពីរូបលោក បានទទួលជ័យជម្នះ ក្នុងការបោះឆ្នោតនៅអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំមុន មក។ កាលពីថ្ងៃចន្ទ លោក ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែន ទន្ទឹងរង់ចាំធ្វើកិច្ចសហប្រតិបត្តិការ ដែលសកម្មនិងផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ជាមួយរដ្ឋបាលលោក ត្រាំ៕