(ប៉េកាំង)៖ នៅថ្ងៃអង្គារ ទី២១ ខែមករា ចិនបានបង្ហាញការប្តេជ្ញាបន្តគាំទ្រ អង្គការសុខភាពពិភពលោក WHO បន្ទាប់ពីលោក ដូណាល់ ត្រាំ ដែលបានក្លាយជាប្រធានាធិបតីអាមេរិក បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ បង្គាប់ឱ្យសហរដ្ឋអាមេរិក ដកខ្លួនចេញពីស្ថាប័នអន្តរជាតិនេះ ដែលធ្លាប់ត្រូវរូបលោករិះគន់ ជុំវិញវិបត្តិជំងឺរាតត្បាតសកល COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បាននិយាយដូច្នេះថា «តួនាទីរបស់អង្គការ WHO គួរតែត្រូវពង្រឹងបន្ថែម មិនមែនធ្វើឱ្យកាន់តែចុះទន់ខ្សោយ នោះឡើយ។ ប្រទេសចិននឹងនៅតែបន្តផ្តល់ការគាំទ្រដល់ WHO ក្នុងការបំពេញការទទួលខុសត្រូវរបស់ខ្លួន ហើយធ្វើការឆ្ពោះទៅ កសាងសហគមន៍សុខាភិបាលរួមមួយ សម្រាប់មនុស្សជាតិ»។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ ទី២០ ខែមករា ពោលគឺត្រឹមប៉ុន្មានម៉ោង ក្រោយស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើ បទបញ្ជាប្រតិបត្តិមួយ ដើម្បីដកសហរដ្ឋអាមេរិក ចេញពីអង្គការ WHO ដោយនិយាយថា ស្ថាប័នសុខាភិបាលសកលមួយនេះ គ្មានសមត្ថភាពដោះស្រាយ COVID-19 និងវិបត្តិសុខភាពអន្តរជាតិនានា ផ្សេងទៀតឡើយ៕