(ប៉េកាំង)៖ នៅថ្ងៃទី ២០ ខែមករា តាមម៉ោងក្នុងតំបន់ លោកត្រាំ ប្រធានាធិបតីជាប់ឆ្នោតនៃសហរដ្ឋអាមេរិកបានចាប់ផ្តើមចូលកាន់តំណែងជាប្រធានាធិបតីអាណត្តិទី២ជាផ្លូវការ ។ "ភាគីចិនរីករាយជំរុញទំនាក់ទំនងរវាងចិននិងអាមេរិក ឱ្យទទួលបានការវិវឌ្ឍរីកចម្រើនកាន់តែខ្លាំងលើចំណុចចាប់ផ្តើមថ្មី" "សហរដ្ឋអាមេរិកនិងចិន គឺជាប្រទេសសំខាន់បំផុតលើពិភពលោកនាពេលបច្ចុប្បន្ន ភាគីទាំងពីរគួររក្សាទំនាក់ទំនងមេត្រីភាពក្នុងរយៈយូរ និងរួមគ្នាគាំពារសន្តិភាពពិភពលោក" នៅបីថ្ងៃមុន លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនា តាមទូរស័ព្ទជាមួយលោកត្រាំ ប្រធានាធិបតីជាប់ឆ្នោតនៃសហរដ្ឋអាមេរិក តាមការណាត់ ហើយភាគីទាំងពីរបានឈានដល់គំនិតឯកភាពរួមដ៏សំខាន់ ស្តីពីការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក នៅដំណាក់កាលបន្ទាប់ដែលធ្វើឱ្យពិភពលោកវាយតម្លៃយ៉ាងសកម្ម នៅប៉ុន្មានថ្ងៃជាប់មកនេះ ។
តាមពិតទៅ នៅមុនថ្ងៃឡើងកាន់មុខតំណែងរបស់រដ្ឋាភិបាលអាមេរិកអាណត្តិថ្មី ប្រទេសចិននិងសហរដ្ឋអាមេរិកក៏បានធ្វើការប្រាស្រ័យទាក់ទងដ៏ល្អប្រសើរជាបន្តបន្ទាប់ដែរ ។ លោកត្រាំបានថ្លែងថា "ចិននិងសហរដ្ឋអាមេរិកអាចរួមគ្នាដោះស្រាយបាននូវបញ្ហាទាំងអស់លើពិភពលោក" រំពឹងទុកជួបពិភាក្សាជាមួយលោកប្រធានរដ្ឋចិន Xi Jinping ក្នុងពេលឆាប់ៗ ប្រទេសចិនក៏បានឆ្លើយតបយ៉ាងសកម្មដែរ តំណាងពិសេសរបស់លោកប្រធានរដ្ឋចិន Xi Jinping បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមពិធីឡើងកាន់មុខតំណែងរបស់លោកត្រាំ ប្រធានាធិបតីជាប់ឆ្នោតនៃសហរដ្ឋអាមេរិក ។
តើចិននិងអាមេរិកជាគូប្រជែងឬមួយក៏ជាដៃគូ ? នេះជាបញ្ហាជាមូលដ្ឋានដែលពាក់ព័ន្ធដល់ទិសដៅ នៃទំនាក់ទំនងរវាងចិននិងអាមេរិក ។ ភាគីចិនបានគូសបញ្ជាក់ម្តងហើយម្តងទៀតថា ចិនរីករាយធ្វើជាដៃគូនិងជាមិត្តល្អ ជាមួយសហរដ្ឋអាមេរិក ហើយរំពឹងថា ភាគីអាមេរិកនឹងប្រើក្រសែភ្នែកត្រឹមត្រូវទៅមើល ផ្លូវអភិវឌ្ឍន៍និងគោលបំណងអភិវឌ្ឍន៍របស់ចិន ។ នៅពេលជួបសន្ទនា តាមទូរស័ព្ទជាមួយលោកត្រាំលើកនេះ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងថា ចិននិងសហរដ្ឋអាមេរិកមាន"ផលប្រយោជន៍រួមយ៉ាងទូលំទូលាយ និងលំហសហប្រតិបត្តិការដ៏ធំធេង" "ភាគីទាំងពីរអាចជួយគ្នាទៅវិញទៅមក និងសម្រេចបាននូវវិបុលភាពរួម"។
ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម គឺជាបញ្ហាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។ ទោះបីជាមានការខ្វែងគំនិតគ្នានិងជម្លោះខ្លះរវាងចិននិងសហរដ្ឋអាមេរិកក៏ដោយ ក៏ប៉ុន្តែធាតុពិតនៃទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងសង្គ្រាមពាណិជ្ជកម្មរវាងភាគីទាំងពីរ គឺ ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ ។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទាំងពីរលើពិភពលោក ទំហំពាណិជ្ជកម្មរវាងចិននិងអាមេរិក មានចំនួនលើសពី ៦៦០ ប៊ីលានដុល្លារអាមេរិក ហើយទំហំវិនិយោគទៅវិញទៅមក មានចំនួនលើសពី ២៦០ ប៊ីលានដុល្លារអាមេរិក ដោយឡែកក្នុងរយៈពេល ១១ ខែដើមឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មរវាងចិននិងអាមេរិក បានកើនឡើង ២,៩ ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំមុន សហគ្រាសអាមេរិកនៅចិន ចំនួនជាង ៧ ម៉ឺនសហគ្រាសសម្រេចបាននូវប្រាក់ចំណេញប្រចាំឆ្នាំ គឺ ៥០ ប៊ីលានដុល្លារអាមេរិក ។ល។ យោងតាមរបាយការណ៍ពីរច្បាប់ ដែលបានចេញផ្សាយដោយក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិ និងសភាពាណិជ្ជកម្មចិននៅអាមេរិក កាលពីឆ្នាំមុនបង្ហាញថា សហគ្រាសអាមេរិកមានសុទិដ្ឋិនិយមបំផុតចំពោះទីផ្សារចិន ហើយសហគ្រាសចិន ក៏បានចាត់ទុកការធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅ នៅក្នុងទីផ្សារអាមេរិកជាគោលដៅផងដែរ ។
លើសពីនេះទៅទៀត ប្រទេសចិននិងសហរដ្ឋអាមេរិកក៏មានផលប្រយោជន៍រួមនិងតម្រូវការខាងកិច្ចសហប្រតិបត្តិការ យ៉ាងទូលំទូលាយ ក្នុងវិស័យជាច្រើនដូចជា ថាមពល បច្ចេកវិទ្យា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការអនុវត្តច្បាប់ បម្រែបម្រួលអាកាសធាតុ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនជាដើមផងដែរ ។ ការជំរុញការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោកនិងការដោះស្រាយបញ្ហាចំណុចក្តៅអន្តរជាតិ និងក្នុងតំបន់ក៏មិនអាចឃ្លាតពី កិច្ចសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការរវាងចិននិងសហរដ្ឋអាមេរិកផងដែរ។
ជាការពិតណាស់ ចិននិងសហរដ្ឋអាមេរិកមានសភាពការណ៍ជាតិខុសៗគ្នា ដែលមិនអាចជៀសវាងពីការកើតមានការខ្វែងគំនិតគ្នាខ្លះ ។ តើត្រូវដោះស្រាយការខ្វែងគំនិតគ្នាតាមរបៀបណា ? មូលហេតុគន្លឹះគឺត្រូវ គោរពផលប្រយោជន៍ស្នូលរៀងខ្លួន ក៏ដូចជាបញ្ហាធំនិងសំខាន់ដែលយកចិត្តទុកដាក់ដូចគ្នា។ ក្នុងអំឡុងពេលកិច្ចជំនួបប្រមុខរដ្ឋចិន-អាមេរិកកាលពីខែវិច្ឆិកា ឆ្នាំមុន ប្រទេសចិន បានលើកឡើងយ៉ាងច្បាស់ថា ភាគីចិនបាននិងកំពុងប្រកាន់ខ្ជាប់"ការមិនកែប្រែបួនចំណុច"ក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយភាគីអាមេរិក ទន្ទឹមនឹងនេះ ភាគីចិនក៏បានកំណត់ខ្សែបន្ទាត់ក្រហមចំនួនបួន គឺ បញ្ហាតៃវ៉ាន់ ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស មាគ៌ាអភិវឌ្ឍន៍និងប្រព័ន្ធច្បាប់ព្រម និងសិទ្ធិអភិវឌ្ឍន៍។ ភាគីអាមេរិកគួរយោគយល់ដោយគ្រប់ជ្រុងជ្រោយនិងត្រឹមត្រូវចំពោះគោលជំហររបស់ភាគីចិន ដើម្បីដើរស្របតាមទិសដៅតែមួយជាមួយភាគីចិន។
រំលឹកឡើងវិញនូវប្រវត្តិសាស្រ្តជាង ៤៦ ឆ្នាំបន្ទាប់ពីចិននិងអាមេរិក បង្កើតទំនាក់ទំនងការទូតមក ស្ថានការណ៍អន្តរជាតិនិងទំនាក់ទំនងរវាងប្រទេសទាំងពីរ សុទ្ធតែកើតមានបម្រែបម្រួលយ៉ាងខ្លាំង តែការពិតជាក់ស្តែងជាមូលដ្ឋានមួយមិនដែលកែប្រែបានទេ ពោលគឺ បើប្រទេសទាំងពីរ ចិននិងអាមេរិកមានទំនាក់ទំនងល្អ នោះនឹងនាំមកនូវផលប្រយោជន៍ដល់ប្រទេសទាំងពីរ តែបើបដិបក្ខគ្នាវិញ នោះនឹងរងការខាតបង់ទាំងសងខាង។ បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងចិននិងអាមេរិកមានការចាប់ផ្តើមថ្មី បើប្រកាន់ខ្ជាប់នូវការដឹកនាំ ជាយុទ្ធសាស្ត្រនៃការទូតប្រមុខរដ្ឋ អនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមដ៏សំខាន់របស់ភាគីទាំងពីរ នោះចិននិងសហរដ្ឋអាមេរិក ក៏នឹងជំរុញទំនាក់ទំនងទ្វេភាគី ឱ្យសម្រេចបាននូវទីចាប់ផ្តើមដ៏ល្អប្រសើរដើម្បីដើរតាមផ្លូវរួមរស់ជាមួយគ្នា ដ៏ត្រឹមត្រូវរវាងចិននិងអាមេរិកក្នុងយុគសម័យថ្មី៕
វិទ្យុមិត្តភាពកម្ពុជាចិន