(ប៉េកាំង)៖ «បុណ្យចូលឆ្នាំចិន» ដែលមានអាយុកាលជាង៥០០០ឆ្នាំ ត្រូវបានប្រជាជាតិចិនតែងបានសាទរជារៀងរាល់ឆ្នាំ គឺជាស្មារតីរួមរបស់ប្រជាជាតិចិនក្នុងការជួបជុំសមាជិកគ្រួសារ ព្រមទាំងជាការគូសរំលេចពីត្រៀមទទួលអំណរបន្តដំណើរ ក្នុងស្មារតីឆាប់សម្រេចបាន នូវក្តីសង្ឃឹមនិងក្តីសុបិន។ ចុងខែមករា ឆ្នាំ២០២៥នេះ ប្រជាជាតិចិននឹងទទួលអំណរឆ្នាំថ្មី ឆ្នាំម្ស៉ាញ់ ហើយតាមជំនឿរបស់ជនជាតិចិនយល់ថា «ឆ្នាំម្សាញ់ ឬ ឆ្នាំពស់ មានន័យថា បញ្ញាឆ្លាតវាងវៃ» ដែលនេះជាការបង្ហាញថា ឆ្នាំម៉្សាញ់នឹងផ្តល់ឫទ្ធានុភាពបន្ថែមទៀត ដល់ប្រាជ្ញាចិនដែលតែងបានចូលរួម នៅក្នុងដំណោះស្រាយសកល។

ឆ្នាំម៉្សាញ់ កាលពី១២ឆ្នាំមុន (ឆ្នាំ២០១៣) បានផ្តល់នូវប្រាជ្ញាចិនស្តីពី «កិច្ចកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិ» ហើយអាយុ១២ឆ្នាំ ឬមួយវដ្តនៃឆ្នាំម៉្សាញ់នេះ បានផ្តល់ជាទឡ្ហីករណ៍បញ្ជាក់ថា ប្រាជ្ញាចិនគឺជាមាគ៌ាដ៏ត្រឹមត្រូវតែមួយគត់ នៅក្នុងការធានាជូនដល់ពិភពលោក នូវសន្តិភាពប្រកបដោយទំនុកចិត្ត ស្ថិរភាពប្រកបដោយទំនួលខុសត្រូវ និងការអភិវឌ្ឍ ប្រកបដោយចីរភាព។ ក្រោយវិបត្តិនៃជំងឺ Covid-19 ទាំងសេដ្ឋកិច្ចចិន ទាំងសេដ្ឋកិច្ចសកល ដែលអាចឆាប់ បានវិលត្រឡប់មកវិញ ជាបណ្តើរៗ ពិតណាស់ដែលថាជាការទទួលអនុវត្តបន្ស៊ីជាមួយប្រាជ្ញាចិន។

«បុណ្យចូលឆ្នាំចិន» ឆ្នាំ២០២៥ ត្រូវបានពិភពលោកទាំងមូលបាននិងកំពុងត្រៀមខ្លួនសាទរ និងចូលរួមជាមួយប្រជាជាតិចិន ក្នុងការទទួលអំណរដ៏មហាប្រសើរនេះ ដូចដែលត្រូវបានអង្គការ UNESCO កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នាសម័យប្រជុំលើកទី១៩ នៃគណៈកម្មការអន្តររដ្ឋាភិបាល បានដាក់បញ្ជូលក្នុង «បញ្ជីបេតិកភណ្ឌវប្បធម៌ អរូបិយនៃមនុស្សជាតិ» ដែលនេះជាការបញ្ជាក់ឲ្យឃើញ នូវតម្លៃវប្បធម៌ ប្រពៃណី នៃការរួមគ្នាថែរក្សាមរតកមនុស្សជាតិ ជាក់ស្តែងតាមការស្ទង់មតិ នៅជុំវិញពិភពលោក មានប្រទេសចំនួន២០បានអបអរសាទរ «បុណ្យចូលឆ្នាំចិន» ដោយកំណត់ជាថ្ងៃឈប់សម្រាកផ្លូវការ ហើយមានប្រជាជន១ភាគ៥ នៅទូទាំងពិភពលោក បានអបអរសាទរ «បុណ្យចូលឆ្នាំចិន»។ ការទទួលស្គាល់ជាសកលនៃ «បុណ្យចូលឆ្នាំចិន» គឺជាប្រទីបបំភ្លឺ ផ្តល់រស្មីកាន់តែខ្លាំងក្លាបន្ថែមថា ប្រាជ្ញាចិនដែលរាប់បញ្ចូល នូវគំនិតផ្តួចផ្តើមទាំង៤របស់ចិន «គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» «គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល» «គំនិតផ្តួចផ្តើមសន្តិសុខសកល» «គំនិតផ្តួចផ្តើម អរិយធម៌សកល» ដែលបានផ្តួចផ្តើមដោយលោក Xi Jinping ប្រធានរដ្ឋចិន សុទ្ធសឹងជាគតិបណ្ឌិត ដែលមានលក្ខណៈសកល ផ្តល់ជាកូនសោរគន្លឹះដល់ដំណោះស្រាយរួម របស់មនុស្សជាតិប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។

«បុណ្យចូលឆ្នាំចិន» ឆ្នាំ២០២៥ បានរំលេចបន្ថែមទៀតពីសមិទ្ធផលនៃកំណែទម្រង់ របស់ប្រទេសចិនកាលពីឆ្នាំ២០២៤ ស្របតាមមាគ៌ាទំនើបកម្មសង្គមនិយមតាមបែបផែនចិន ដែលមិនត្រឹមជួយផ្តល់នូវវិបុលភាពនៃជីវភាពរស់នៅ ជូនដល់ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងបានជួយដល់បណ្តាប្រទេសជាច្រើន ដែលក្នុងនោះបណ្តាប្រទេសសកលខាងត្បូង បានប្រយោជន៍ដោយផ្ទាល់ពីកិច្ចសហប្រតិបត្តិការជាមួយចិន។

ជាសច្ចភាព «បុណ្យចូលឆ្នាំចិន» ជាពិធីបុណ្យប្រពៃណី ដ៏ជ្រាលជ្រៅ និងសម្បូរបែបបំផុតរបស់ប្រទេសចិន ដែលបានបង្កប់នូវមនោសញ្ចេតនាគ្រួសារ និងជាតិដ៏ជ្រាលជ្រៅរបស់ ប្រជាជនចិន ដោយឆ្លុះបញ្ចាំងពីតម្លៃដូចជា ភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ និងការរួមរស់ដោយសន្តិភាព ក្នុងចំណោមបុគ្គលម្នាក់ៗ ដែលនេះជាការប្តេជ្ញាចិត្ត របស់ប្រទេសចិន ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ដោយមានលោក Xi Jinping ជាស្នូលបានដើរមុនគោលដៅ នៃការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ ដោយប្រទេសចិនកាលពីឆ្នាំ២០២៤ កន្លងមក សេដ្ឋកិច្ចបៃតងចិន ដោយបានចំណាយពេល៥ឆ្នាំ ចុងក្រោយនេះ ធ្វើបរិវត្តកម្មភាពបៃតង និងកាបូនទាបនៃសេដ្ឋកិច្ច និងសង្គមរបស់ចិន ទទួលបានប្រសិទ្ធភាពយ៉ាងលេចធ្លោ ហើយឧស្សាហកម្មថាមពលបៃតង បានទទួលការអភិវឌ្ឍយ៉ាងផុលផុស ជាក់ស្តែងបរិមាណផលិតរថយន្តថាមពលស្អាត ក្នុងឆ្នាំ២០២៣បានឡើងដល់៩៤៥៨០០០គ្រឿង ដែលកើនឡើង៦.៩ដង បើប្រៀបធៀបនឹងឆ្នាំ២០១៨ ហើយបរិមាណផលិតរថយន្ត បានជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោក ក្នុងរយៈពេល៩ឆ្នាំជាប់ៗគ្នា ដែលសមមាត្រមានចំនួនលើសពី៦០% នៅទូទាំងពិភពលោក។

ជារួម «បុណ្យចូលឆ្នាំចិន» ដែលជាស្លាកសញ្ញាសម្គាល់រាប់ពាន់ឆ្នាំរបស់ប្រជាជាតិចិន និងជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងចំណងគ្រួសារ លើកកម្ពស់សុខដុមរមនាក្នុងសង្គម និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ហើយសម្រាប់ឆ្នាំ២០២៥នេះ វត្តមាន«បុណ្យចូលឆ្នាំចិន ឆ្នាំម៉្សាញ់» គឺជាសក្ខីភាព ដែលមិនអាចប្រកែក បានពីការបន្តពង្រីកទំហំវិមាត្រនៃមិត្តភាព ពង្រឹងគុណភាពកល្យាណមិត្ត ពន្លាតស្មារតីផ្លូវសូត្ររាប់ពាន់ឆ្នាំ នៃអរិយធម៌សកលដែលបានផ្តួចផ្តើម និងប្រតិបត្តិដោយប្រជាជាតិចិនក្លាយជា និមិត្តសញ្ញាសកលដែលផ្តល់ជាម្លប់សុខសន្តិភាព សន្តិសុខស្បៀង អរិយធម៌អេកូឡូស៊ី ការគោរពគ្នាទៅវិញទៅមក ការផ្តល់ផលប្រយោជន៍ឈ្នះ-ឈ្នះនៃកិច្ចអភិវឌ្ឍសេដ្ឋកិច្ច ក្នុងរង្វង់ពហុភាគីនិយម ក្រោមទម្រនៃមូលដ្ឋានដ៏រឹងមាំរបស់ កិច្ចកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិក្នុងយុគសម័យថ្មី៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន