(ហ្សឺណេវ)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យអ៊ីរ៉ង់បញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងមិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងចូលរួមក្នុងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសក្នុងតំបន់ និងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ ២០២៥។
ការអំពាវនាវនេះ ធ្វើឡើងក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ប្រទេសស្វីសកាលពីថ្ងៃពុធ។
លោក Guterres បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការបង្កើនទំនុកចិត្ត រវាងអ៊ីរ៉ង់ និងប្រទេសដទៃទៀត ដើម្បីស្ថិរភាពនិងសន្តិភាពនៅក្នុងតំបន់។ លោកក៏បានបង្ហាញការព្រួយបារម្ភ អំពីការបង្កើនល្បឿននៃការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ ដែលអាចនាំឱ្យមានការផលិតអាវុធនុយក្លេអ៊ែរ។
លោក Guterres បាននិយាយថា «បញ្ហាដ៏សំខាន់បំផុតមួយ គឺទំនាក់ទំនងរវាងអ៊ីរ៉ង់ អ៊ីស្រាអែលនិងសហរដ្ឋអាមេរិក... ក្តីសង្ឃឹមរបស់ខ្ញុំគឺថាប្រជាជនអ៊ីរ៉ង់យល់ថា វាជារឿងសំខាន់ ដែលត្រូវតែបញ្ជាក់ឱ្យបានច្បាស់ អំពីការបោះបង់ចោលអាវុធនុយក្លេអ៊ែរ និងចូលរួមក្នុងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសក្នុងតំបន់។»។
លោក Guterres ក៏បានលើកឡើងពីស្ថានការណ៍នៅហ្គាហ្សា ដោយសម្តែងការព្រួយបារម្ភ អំពីលទ្ធភាពនៃការវាយប្រហារបន្ថែមទៀត ពីសំណាក់អ៊ីស្រាអែល។ លោកបានអំពាវនាវឱ្យមានបទឈប់បាញ់អចិន្ត្រៃយ៍ និងការចរចា ដើម្បីដោះស្រាយជម្លោះ រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន៕