(DAVOS, ស្វីស)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បាននិយាយកាលពីថ្ងៃពុធ ទី២២ ខែមករាថាវាតែងតែមានជម្លោះព្រំដែននៅក្នុងតំបន់អាស៊ី ដូច្នេះហើយគេមិនគួរដាក់បន្ទុក លើចិនតែម្នាក់ឯង ដោយសារតែភាពតានតឹងនៅក្នុងតំបន់សមុទ្រចិនខាងត្បូងនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ថ្លែងនៅឯវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ក្នុងទីក្រុង Davos ប្រទេសស្វីស លោក Anwar បានសង្កត់ធ្ងន់ថាម៉ាឡេស៊ីក៏មានបញ្ហាព្រំដែនជាមួយសិង្ហបុរី និងជាមួយ បណ្ដាប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ ប៉ុន្តែម៉ាឡេស៊ី និងប្រទេសទាំងនោះនៅតែអាចរក្សាទំនាក់ទំនងល្អជាមួយនឹងគ្នា។ «ខណៈមានជម្លោះដែនទឹកជាមួយចិនផងនោះ ម៉ាឡេស៊ី នឹងជំរុញទៅមុខនូវការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនង ពីព្រោះថាចិនជាប្រទេសមួយដ៏សំខាន់»។ នេះជាការគូសបញ្ជាក់របស់លោក Anwar ដោយបន្តថា «យើងមានទំនាក់ទំនងដ៏ល្អជាមួយ សិង្ហបុរី ទាំងដែលយើងមានបញ្ហាព្រំដែនជាមួយពួកគេ។ ខ្ញុំបានចាត់ទុកប្រជាជនថៃ និងមេដឹកនាំរបស់ពួកគេ ដូចជាសមាជិកគ្រួសាររបស់ខ្ញុំ ប៉ុន្តែយើងនៅតែមានបញ្ហាព្រំដែនជាមួយពួកគេ ដូច្នេះជាមួយឥណ្ឌូណេស៊ី និងហ្វីលីពីនក៏ដូចគ្នាដែរ។ ប៉ុន្តែយើងមិនបានបំផ្ទុះសង្រ្គាម យើងមិនបានគំរាមកំហែង ផ្ទុយទៅវិញយើងបានពិភាក្សាគ្នា»។
គួរបញ្ជាក់ថា បើតាមលោក Anwar ខណៈម៉ាឡេស៊ីមានទំនាក់ទំនងរឹងមាំជាមួយសហរដ្ឋអាមេរិក ចិនក៏ជាប្រទេសជិតខាងមួយដ៏សំខាន់ដែលម៉ាឡេស៊ី ត្រូវរក្សាទំនាក់ទំនងជាមួយផងដែរ៕