(មូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រកាសថា លោកមិនឃើញមានសញ្ញាណាមួយ ដែលបង្ហាញថា អ៊ុយក្រែនឬលោកខាងលិច បានត្រៀមខ្លួនរួចរាល់ សម្រាប់កិច្ចចរចាសន្តិភាពនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។
នៅក្នុងសន្ទរកថាមួយនៅថ្ងៃសុក្រនេះ លោក Lavrov បាននិយាយថា «ទោះបីជាមានការនិយាយកាន់តែខ្លាំង អំពីតម្រូវការសម្រាប់កិច្ចចរចាសន្តិភាពក៏ដោយ ក៏មិនមានសកម្មភាពជាក់ស្តែងណាមួយ ដែលបង្ហាញថា ទីក្រុងកៀវ និងលោកខាងលិច ពិតជាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចការនោះទេ»។
លោក Lavrov បានបន្ថែមថា ការផ្គត់ផ្គង់អាវុធ និងការដាក់ទណ្ឌកម្ម របស់លោកខាងលិច បង្ហាញថា ពួកគេមិនចង់បញ្ចប់សង្រ្គាមនៅឡើយទេ។ ទន្ទឹមគ្នានេះ លោកក៏បានលើកឡើងពីបញ្ហាភាពស្របច្បាប់នៃអាជ្ញាធរអ៊ុយក្រែន ដែលជាឧបសគ្គមួយក្នុងការចរចាផងដែរ។ ការណ៍នេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ថា រុស្ស៊ីមានឆន្ទៈចរចា ប៉ុន្តែបានសង្ស័យពីភាពស្របច្បាប់របស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ក្នុងនាមជាអ្នកចរចា។
ទោះជាយ៉ាងណា អ៊ុយក្រែនបានបដិសេធការលើកឡើងនេះ និងបានបញ្ជាក់ថា លោក Zelenskiy មានសិទ្ធិពេញលេញ ក្នុងការចរចាក្នុងនាមប្រទេស។ អ៊ុយក្រែន ក៏បានចោទប្រកាន់រុស្ស៊ីថា កំពុងព្យាយាមបង្អាក់ដំណើរការសន្តិភាព៕