(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃអង្គារ ទី៤ ខែមីនា បានសម្តែងការប្រឆាំងនឹងការសម្រេចចិត្តដាក់ពន្ធលើទំនិញចិន ពីសំណាក់សហរដ្ឋអាមេរិក ដោយសារតែថ្នាំ fentanyl និងបញ្ហាផ្សេងទៀត ហើយប្តេជ្ញាថាឆ្លើយតបវិញ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA។
ថ្នាំ fentanyl អាចធ្វើឱ្យមនុស្សបាត់បង់ជីវិត ប្រសិនបើប្រើប្រាស់លើសកម្រិត។ កន្លងមកអាមេរិកចោទចិន ថាបានផ្គត់ផ្គង់សារធាតុគីមីសម្រាប់ផលិតថ្នាំប្រភេទនេះ ខណៈដែលបានចិនបដិសេធ។ ចិនគូសបញ្ជាក់ថា «អាមេរិកបែរជាមកដាក់បន្ទុក ហើយកំពុងប្រើប្រាស់បញ្ហាថ្នាំ fentanyl ជាលេសដើម្បីដំឡើងពន្ធ។ ចិនជំរុញឱ្យសហរដ្ឋអាមេរិក ដកជាបន្ទាន់នូវវិធានការពន្ធឯកតោភាគី ដែលមិនសមហេតុផល និងគ្មានមូលដ្ឋាននេះ»។
គួរបញ្ជាក់ថា បើតាមសេតវិមាន កាលពីថ្ងៃចន្ទ លោក ត្រាំ បោះត្រាលើបទបញ្ជាដាក់ពន្ធបន្ថែមលើទំនិញចិនចំនួន ១០ភាគរយទៀត ដែលនឹងនាំឱ្យពន្ធគយរបស់សហរដ្ឋអាមេរិកលើការនាំចូលពីចិន កើនឡើងដល់ ២០ភាគរយ៕