(មូស្គូ)៖ នៅថ្ងៃអង្គារ ទី៤ ខែមីនា វិមានក្រឹមឡាំង បាននិយាយថា ការផ្អាកជំនួយយោធារបស់សហរដ្ឋអាមេរិកឱ្យទៅអ៊ុយក្រែន គឺជាការចូលរួមចំណែកដ៏ប្រសើរ ចំពោះបុព្វហេតុស្វែងរកសន្តិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា «ប្រសិនបើសហរដ្ឋអាមេរិក បញ្ឈប់ការផ្គត់ផ្គង់យោធា នោះវាប្រហែលនឹងជាការចូលរួមចំណែកដ៏ប្រសើរបំផុត ចំពោះសន្តិភាព ហើយវាគឺជាដំណោះស្រាយមួយ ដែលពិតជាអាចនឹងជំរុញឱ្យទីក្រុងកៀវ យល់ព្រមបោះជំហានឆ្ពោះទៅរកដំណើរការសន្តិភាព»។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយដូចខាងលើរបស់វិមានក្រឹមឡាំង កើតមានឡើង បន្ទាប់ពីមន្រ្តីសេតវិមាន បានឱ្យដឹងកាលពីថ្ងៃចន្ទថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្អាករាល់ការផ្តល់ជំនួយយោធាទាំងអស់ សម្រាប់អ៊ុយក្រែន ក្រោយការប៉ះសម្តីគ្នាខ្លាំងៗ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីសប្តាហ៍មុន។ បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ការផ្អាកនេះ នឹងបន្តរហូតទាល់តែមេដឹកនាំអ៊ុយក្រែន បង្ហាញពីការប្តេជ្ញាចិត្ត ប្រកបដោយសុច្ឆន្ទៈចំពោះសន្តិភាព ក៏ប៉ុន្តែទោះជាយ៉ាងណា វាមិនមែនជាការបិទបញ្ចប់ជំនួយយោធាជាអចិន្រ្តៃយ៍នោះទេ៕