(ហ្សាកាតា)៖ ទឹកជំនន់​ដែល​បង្ក​ឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ បាន​វាយប្រហារ​រដ្ឋធានី​ហ្សាកាតា​របស់​ប្រទេស​ឥណ្ឌូណេស៊ី បង្ខំ​ឱ្យមនុស្ស​រាប់ពាន់​នាក់​ជម្លៀស​ខ្លួន​ចេញពី​លំនៅឋាន​នៅថ្ងៃ​អង្គារនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីភ្នាក់ងារ​គ្រោះមហន្តរាយ​ជាតិ​បាន​ឱ្យ​ដឹង​ថា ភ្លៀង​ធ្លាក់​ខ្លាំង​ចាប់តាំងពី​ថ្ងៃ​ចន្ទ​បណ្តាល​ឲ្យ​មាន​ទឹកជំនន់​កម្ពស់​រហូត​ដល់ ៣ ម៉ែត្រ​នៅ​ក្នុង​និង​ជុំវិញ​ទីក្រុង បិទ​ផ្លូវ​មួយ​ចំនួន លិច​ផ្ទះ​ជាង ១,០០០ ខ្នង និង​រថយន្ត​ជាច្រើន។

ដើម្បី​ទប់ទល់​នឹង​ស្ថានការណ៍​ទឹកជំនន់​កាន់តែ​ធ្ងន់ធ្ងរ អភិបាលក្រុង​ហ្សាកាតា លោក Pramono Anung បាន​ប្រកាស​អាសន្ន​ក្នុង​កម្រិត​ខ្ពស់​បំផុត​ទី​ពីរ។ លោក​បាន​បញ្ជា​ឲ្យ​រដ្ឋាភិបាល​មូលដ្ឋាន​ចាត់វិធានការ​ជា​បន្ទាន់​រួមមាន ការ​ប្រើប្រាស់​ម៉ាស៊ីន​បូមទឹក​ដើម្បី​រំដោះ​ទឹក​ចេញពី​តំបន់​រង​ផល​ប៉ះពាល់ និង​ការ​អនុវត្ត​បច្ចេកទេស​កែប្រែ​អាកាសធាតុ​ដោយ​ការ​បាច​អំបិល​ចូល​ទៅ​ក្នុង​ពពក​ដើម្បី​គ្រប់គ្រង​បរិមាណ​ទឹកភ្លៀង។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ពី​ ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​នៅ​សង្កាត់ Bekasi ជា​កន្លែង​ដែល​ទឹកជំនន់​បាន​ហូរ​ចូល​មន្ទីរពេទ្យ​មួយ បង្ខំ​ឲ្យ​មានការ​ជម្លៀស​អ្នកជំងឺ និង​បណ្តាល​ឲ្យ​ដាច់​ចរន្តអគ្គិសនី។ ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​ប្រើប្រាស់​ទូក​កៅស៊ូ​ដើម្បី​ជម្លៀស​អ្នកស្រុក​ ដែល​ជាប់​គាំង​នៅ​តាម​អគារ​លំនៅឋាន​តាំងពី​ព្រឹក​ព្រលឹម។

គួរបញ្ជាក់ថា តំបន់​ទីប្រជុំជន Greater Jakarta ដែល​មាន​ប្រជាជន​រស់នៅ​ជាង ៣០ លាន​នាក់ តែងតែ​រងគ្រោះ​ដោយ​ទឹកជំនន់។ ស្ថានភាព​បច្ចុប្បន្ន​នៅសង្កាត់ Bekasi ត្រូវ​បាន​គេ​រាយការណ៍​ថា​ជា​ស្ថានភាព​អាក្រក់​បំផុត​ចាប់តាំងពី​ឆ្នាំ ២០២០ មក។ កាលពី​ឆ្នាំ ២០២០ ទឹកជំនន់​ធ្ងន់ធ្ងរ​បាន​សម្លាប់​មនុស្ស ៦០ នាក់​នៅ​ហ្សាកាតា បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ ចាប់តាំងពី​មានការ​កត់ត្រា​ទុក​ក្នុង​ឆ្នាំ ១៨៦៦៕