(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានផ្ដល់ជំនួយយោធាគិតជាទឹកប្រាក់ ៦៥.៩ពាន់លានដុល្លារដើម្បីគាំទ្រអ៊ុយក្រែន ចាប់តាំងពីរុស្ស៉ីបើកការឈ្លានពានកាលពីខែកុម្ភៈ ឆ្នាំ២០២២។ ប៉ុន្តែ ឥលូវការចូលរួមចំណែកទាំងនេះ កំពុងស្ថិតក្នុងភាពស្រពេចស្រពិល បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៣ ខែមីនា បានចេញបញ្ជាបង្គាប់ឱ្យផ្អាកការផ្ដល់ជំនួយយោធាសម្រាប់អ៊ុយក្រែនជាបណ្ដោះអាសន្ន។ ការផ្អាកការផ្ដល់ ជំនួយយោធាសម្រាប់អ៊ុយក្រែន កើតមានឡើងក្រោយលោក ដូណាល់ ត្រាំ បានផ្លាស់ប្ដូរគោលនយោបាយអាមេរិកចំពោះអ៊ុយក្រែន និងរុស្ស៉ី ដោយប្រកាន់យកជំហរផ្សះផ្សារជាមួយទីក្រុងមូស្គូ និងបន្ទាប់ពីការប៉ះសម្ដីគ្នា ខ្លាំងៗជាមួយលោក ហ្សេលេនស្គី នៅឯសេតវិមានកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយលោក ត្រាំ បានរិះគន់មេដឹកនាំអ៊ុយក្រែនថាមិនបានបង្ហាញការដឹងគុណគ្រប់គ្រាន់ចំពោះ ការគាំទ្ររបស់ទីក្រុងវ៉ាស៊ីន ក្នុងសង្រ្គាមជាមួយ រុស្ស៉ី។ អាមេរិកនៅសល់កញ្ចប់ជំនួយយោធាទំហំទឹកប្រាក់ជិត ៤ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដែលបន្សល់ទុកដោយរដ្ឋបាលអតីតប្រធានាធិបតី លោក ចូ បៃដិន។
មុនការប្រកាសពីការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន សារព័ត៌មាន Bloomberg និង Fox News បានរាយការណ៍ថាការផ្អាកនេះនឹងត្រូវធ្វើឡើង រហូតទាល់តែមេដឹកនាំអ៊ុយក្រែនបង្ហាញពីការប្ដេជ្ញាចិត្តប្រកបដោយសុច្ឆន្ទៈ ចំពោះសន្តិភាព។ «នេះមិនមែនជាការបិទបញ្ចប់ជំនួយជាអចិន្ត្រៃយ៍នោះទេ វាគ្រាន់តែជាការផ្អាកជាបណ្ដោះអាសន្នប៉ុណ្ណោះ»។ នេះបើតាម Fox News ដោយផ្អែកលើការស្រង់សម្ដីពីមន្ត្រីម្នាក់នៃរដ្ឋបាលលោក ត្រាំ។ អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុម័តជំនួយ និងតែងតែអះអាងជារឿយៗពីការប្ដេជ្ញាចិត្តឥតងាករេចំពោះអធិបតេយ្យ និងបូរណភាពទឹកដីអ៊ុយក្រែន។ ខាងក្រោមនេះគឺជាបញ្ជីរាយឈ្មោះអាវុធដែល ទីក្រុងវ៉ាស៊ីនតោនបានផ្ដល់ឱ្យអ៊ុយក្រែន ចេញផ្សាយដោយក្រសួងការបរទេសអាមេរិកកាលពីថ្ងៃទី២០ ខែមករាកន្លងទៅ៖
* ប្រព័ន្ធការពារដែនអាកាស
ដោយសារតែរងការវាយប្រហារតាមផ្លូវអាកាសឥតឈប់ឈរពីសំណាក់កងកម្លាំងរុស្ស៉ី ទីក្រុងវ៉ាស៊ីនតោនបានបញ្ជូនប្រព័ន្ធការពារដែនអាកាសឱ្យអ៊ុយក្រែន ជាពិសេសគឺប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ចំនួន ៣គ្រឿង។ សម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួនក៏បានបញ្ជូនខែលប្រឆាំងមីស៊ីល Patriot ទៅឱ្យទីក្រុងកៀវដែរ។ អាវុធនៅក្នុងបញ្ជី មានរួមបញ្ចូលផងដែរនូវប្រព័ន្ធការពារដែនអាកាសផ្សេងទៀតរួមមានប្រព័ន្ធ NASAMS ១២គ្រឿង ព្រមទាំង ប្រព័ន្ធមីស៊ីល HAWK និងគ្រាប់រំសេវ ក៏ដូចជាមីស៊ីលពាក់លើស្មាប្រឆាំងយន្ដហោះចម្បាំង Stinger ជាង ៣០០០ដើម ហើយដើម្បីបន្ថែមប្រសិទ្ធភាពលើប្រព័ន្ធអាវុធទាំងនេះ សហរដ្ឋអាមេរិកបានផ្ដល់ប្រព័ន្ធរ៉ាដា ២១គ្រឿង រួមជាមួយបរិក្ខារសម្រាប់ការធ្វើសមហរណកម្មជើងទម្របាញ់ និងមីស៊ីលរបស់លោកខាងលិចជាមួយប្រព័ន្ធអាវុធរបស់អ៊ុយក្រែន។
* មីស៊ីល កាំភ្លើងត្បាល់
ទីក្រុងវ៉ាស៊ីនតោន បានបញ្ជូនកាំភ្លើងធំ howitzers កាណុង១៥៥មីលីម៉ែត្រ ចំនួន២០០ដើម អមជាមួយនឹងគ្រាប់ ៣លានគ្រាប់ ព្រមទាំងកាំភ្លើងធំ howitzers កាណុង ១០៥មីលីម៉ែត្រ ៧២ដើម និងគ្រាប់ ១លានគ្រាប់ បូកបន្ថែមកាំភ្លើងត្បាល់ ៧០០ ០០០ដើម។ លើសពីនេះ ប្រព័ន្ធមីស៊ីល HIMARS ជាង ៤០គ្រឿងត្រូវបានផ្ដល់ឱ្យអ៊ុយក្រែន។ វ៉ាស៊ីនតោនថែមទាំងបានផ្ដល់ឱ្យទីក្រុងកៀវទៀតផងនូវមីស៊ីលពាក់លើស្មាប្រឆាំងរថក្រោះ Javelins ចំនួន ១០ ០០០ដើម។ Javelins បានក្លាយជានិមិត្តរូបនៃការតស៊ូរបស់អ៊ុយក្រែប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ីអំឡុងសប្ដាហ៍ដំបូងនៃសង្រ្គាម។ ក្រៅពីនេះ អាវុធប្រឆាំងរថក្រោះ ១២០ ០០០ដើមផ្សេងទៀត ត្រូវបានប្រគល់ដល់ដៃទាហានអ៊ុយក្រែន រួមទាំងមីស៊ីលប្រឆាំងរថក្រោះប្រភេទ TOW ១០ ០០០ដើម។ ដោយឡែក ចំពោះអាវុធធុនតូចវិញ គ្រាប់កំាភ្លើង និងគ្រាប់បែកដៃជាង៥០០លានគ្រាប់ ត្រូវបានផ្គត់ផ្គង់ឱ្យអ៊ុយក្រែន។
* រថក្រោះ ឧទ្ធម្ភាគចក្រ
ខណៈមន្ទីរបញ្ចកោណមកទល់នឹងពេលនេះ នៅតែបន្តបដិសេធផ្ដល់យន្ដហោះចម្បាំងដោយផ្ទាល់ទៅឱ្យអ៊ុយក្រែន អតីតរដ្ឋបាលលោក ចូ បៃដិន ធ្លាប់បានផ្ដល់ឧទ្ធម្ភាគចក្រយោធាសម័យសូវៀត Mi-17 ២០គ្រឿង ដល់ទីក្រុងកៀវ គួបផ្សំនឹងការផ្ដល់ដ្រូនច្រើនប្រភេទខុសៗគ្នា និងអនុញ្ញាតឱ្យសម្ព័ន្ធមិត្តអឺរ៉ុប អាចបញ្ជូន យន្ដហោះចម្បាំង F-16 ផលិតដោយអាមេរិកទៅឱ្យអ៊ុយក្រែន។ ម្យ៉ាងវិញទៀត ក្រោយស្ទាក់ស្ទើរជាច្រើនខែ អតីតរដ្ឋបាលលោក បៃដិន បានផ្ដល់រថក្រោះ Abrams ៣១គ្រឿងឱ្យអ៊ុយក្រែន ដែលការប្រគល់ចាប់ផ្ដើមធ្វើឡើងកាលពីខែមករា ឆ្នាំ២០២៣ ហើយរថក្រោះសម័យសូវៀត T-72B ក៏ត្រូវបានផ្ដល់សម្រាប់អ៊ុយក្រែនផងដែរ។ នៅក្នុងបញ្ជីអាវុធផ្ដល់ឱ្យអ៊ុយក្រែន របស់ក្រសួងការបរទេសអាមេរិក ក៏មានដែររថពាសដែកប្រយុទ្ធ Bradley ៣០០គ្រឿង រថពាសដែក ដឹកកងទ័ព ១៣០០គ្រឿង រថយន្ដយោធា Humvee ៥០០០គ្រឿង និងរពាសដែកពេទ្យទាហាន ៣០០គ្រឿង។ ទីក្រុងវ៉ាស៊ីនតោនបានផ្ដល់ទូកល្បាត១០០គ្រឿង ប្រព័ន្ធការពារតំបន់ឆ្នេរ គ្រាប់មីន Claymore ប្រព័ន្ធផ្កាយរណប ទំនាក់ទំនង ឧបករណ៍មើលពេលយប់ និងអាវក្រោះ ១០០ ០០០សម្រាប់។
គួរបញ្ជាក់ថា ក្រោយថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ពោលគឺក្រោយលោក ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតី សហរដ្ឋអាមេរិកនៅតែបន្តផ្ដល់ឱ្យអ៊ុយក្រែននូវអ្វីដែលមន្ត្រីម្នាក់នៃក្រសួងការពារជាតិអាមេរិក ហៅថា «អាវុធដ៏សំខាន់» ដែលត្រូវបានអនុម័តផ្ដល់ឱ្យអ៊ុយក្រែនដោយអតីតរដ្ឋបាលលោក បៃដិន ក្នុងនោះរួមមានអាវុធប្រឆាំងនឹងរថក្រោះ និងគ្រាប់កាំភ្លើងធំ។ តែឥលូវ លោក ត្រាំ បានចេញបញ្ជាឱ្យផ្អាកការផ្ដល់អាវុធឱ្យអ៊ុយក្រែន ជាបណ្ដោះអាសន្ន៕