(កៀវ)៖ អ្នកជំនាញបានពន្យល់ថា ការផ្អាកជំនួយយោធាពីសហរដ្ឋអាមេរិកដល់អ៊ុយក្រែន ជាការវាយប្រហារមួយដល់ទីក្រុងកៀវ ប៉ុន្តែមិននាំឲ្យមានការដួលរលំភ្លាមៗនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ ២០២៥។
ការផ្អាកនេះត្រូវបានគេរំពឹងថា នឹងនាំមកនូវផលប៉ះពាល់ជាក់ស្តែងលើសមរភូមិនៅប៉ុន្មានខែខាងមុខទៀត ជាពិសេសលើការការពារដែនអាកាស និងសមត្ថភាពវាយប្រហារជាក់លាក់របស់អ៊ុយក្រែន។
ប្រភពព័ត៌មានបានឲ្យដឹងថា ជំនួយយោធារបស់អាមេរិកបានផ្អាកកាលពីថ្ងៃចន្ទ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បញ្ជាឲ្យផ្អាកជំនួយនេះ ក្រោយមានការប្រឈមមុខដាក់គ្នាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី កាលពីសប្តាហ៍មុន។ ការផ្អាកនេះធ្វើឲ្យបញ្ឈប់ការប្រើប្រាស់ថវិកា ពីកញ្ចប់ជំនួយយោធាចំនួន ៣,៨៥ពាន់លានដុល្លារ និងអាចធ្វើឲ្យការដឹកជញ្ជូនសម្ភារយោធាដែលអនុម័តរួចហើយត្រូវបានផ្អាកដែរ។
អ្នកជំនាញជាន់ខ្ពស់នៅស្ថាប័នស្រាវជ្រាវ Carnegie Endowment លោក Michael Kofman បានពន្យល់ថា ទោះបីជាការផ្អាកនេះជាការវាយប្រហារដ៏ធំមួយលើអ៊ុយក្រែនក៏ដោយ ក៏ផលប៉ះពាល់របស់វាមិនធ្ងន់ធ្ងរដូចកាលពីដំណាក់កាលដំបូងនៃសង្គ្រាមនោះទេ ដោយសារបច្ចុប្បន្នអ៊ុយក្រែនពឹងផ្អែកលើជំនួយយោធាផ្ទាល់របស់អាមេរិកតិចជាងមុន។
ទោះជាយ៉ាងណា លោកបានព្រមានថា ផលប៉ះពាល់នឹងកាន់តែច្បាស់ក្នុងរយៈពេលប៉ុន្មានខែខាងមុខ នៅពេលដែលស្តុកសម្ភារៈយោធារបស់អ៊ុយក្រែនចាប់ផ្តើមថយចុះ។បញ្ហាប្រឈមដ៏ធំមួយសម្រាប់អ៊ុយក្រែន គឺការស្វែងរកប្រភពជំនួសសម្រាប់ប្រព័ន្ធការពារដែនអាកាសទំនើបៗដែលប្រើដើម្បីទប់ទល់នឹងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីជាប្រចាំ ក៏ដូចជាអាវុធវាយប្រហាររយៈចម្ងាយឆ្ងាយដូចជាប្រព័ន្ធមីស៊ីល HIMARS ដែលមានសារៈសំខាន់ខ្លាំងក្នុងសមត្ថភាពវាយលុករបស់អ៊ុយក្រែន៕