(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា រួមជាមួយក្រសួការពារប្រទេសវៀតណាម និងឡាវ បានសម្រេចធ្វើលំហាត់សមយុទ្ធរួមគ្នា រយៈពេល១៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់ឆ្នាំ២០២៤នេះ។ នៅក្នុងឱកាសនោះភាគីទាំង ៣ប្រទេស ក៏នឹងរៀបកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិទាំង៣ប្រទេស ចាប់ពីថ្ងៃទី២៤-២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ផងដែរ។

លំហាត់សមយុទ្ធនេះ ធ្វើឡើងលើមូលបទ «សង្គ្រោះគ្រោះមហន្តរាយនៃការបាក់រលំអគារ, ការងារមនុស្សធម៌លើផ្នែកសុខាភិបាល និងការប្រកួតកីឡាយោធារវាងកងទ័ព៣ ប្រទេសកម្ពុជា-ឡាវ-វៀតណាម»។ សម្រាប់ទីតាំងនៃការធ្វើលំហាត់នេះត្រូវបានជ្រើសរើសធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង ព្រមទាំងមានពិធីចែកអំណោយដល់សិស្សានោះសិស្សនៅវិទ្យាល័យទេប្រណម្យ ខេត្តកណ្តាល។

ដោយឡែកដើម្បីឱ្យដំណើរការរៀបចំលំហាត់សមយុទ្ធនេះ ទទួលបានជោគជ័យក្រុមការងារជំនាញក្រសួងការពារប្រទេសជាតិកម្ពុជា-ឡាវ-វៀតណាម បានបើកកិច្ចប្រជុំជាបន្តបន្ទាប់ ភាគីកម្ពុជា គឺនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ជាប្រធានគណៈកម្មការក្រសួងការពារជាតិកម្ពុជា និងមានការចូលរួមពីភាគីកងទ័ពឡាវ និងកងទ័ពវៀតណាម។

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ និងការធ្វើលំហាត់សមយុទ្ធកងទ័ពទាំង០៣ប្រទេសបានប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ និងធ្វើការផ្លាស់ប្តូរវេនគ្នាធ្វើជាម្ចាស់ផ្ទះម្តងម្នាក់។ សម្រាប់កម្លាំងទ័ពចូលរួមលំហាត់ភាគីកម្ពុជាមានចំនួន ៨៦៣នាក់ (គិតទាំងកម្លាំងបម្រើការ) កម្លាំងកងទ័ពប្រជាជនឡាវ និងកងទ័ពប្រជាជនវៀតណាមក្នុងប្រទេសនីមួយៗចំនួន ៦២នាក់ (កម្លាំងលំហាត់ ៥០នាក់ និងកីឡាយោធាចំនួន ១២នាក់)។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ និងការធ្វើលំហាត់រួមគ្នារវាងកងទ័ពទាំង០៣ប្រទេសធ្វើឡើង និងអនុវត្តតាមការសម្រេចរបស់ថ្នាក់ដឹកនាំប្រទេសទាំង០៣ ក្នុងគោលបំណងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសជិតខាងល្អ និងចេះជួយគ្នាទៅវិញទៅមក ស្របតាមការដឹកនាំរបស់ថ្នាក់ដឹកនាំរបស់ក្រសួងការពារជាតិទាំង០៣ និងក្នុងគោលបំណងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ពទាំង០៣ កម្ពុជា-ឡាវ-វៀតណាម ឱ្យកាន់តែស៊ីជម្រៅថែមទៀត។

ដើម្បីរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ និងការធ្វើលំហាត់កងទ័ពទាំង០៣ប្រទេសឱ្យសម្រេចជោគជ័យ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ សូមជួយជំរុញការផ្សព្វផ្សាយ និងអប់រំកម្លាំងចូលរួមក្នុងកិច្ចប្រជុំ និងការធ្វើលំហាត់ឱ្យពង្រឹងពង្រីក ការសាមគ្គីភាព មិត្តភាពប្រទេសទាំង០៣ កងទ័ពទាំង០៣ ដែលជានិច្ចកាលបានសហការគ្នា ជួយគ្នាទៅ វិញទៅមក។ ធ្វើការផ្សព្វផ្សាយដល់មហាជន ប្រជាជនឱ្យឃើញពីតម្លៃនៃកិច្ចសហប្រតិបត្តិការគ្នារវាងកងទ័ពទាំង០៣ ដោយការចូលរួមអបអរសាទរ ហើយគាំទ្រកិច្ចប្រជុំ និងការធ្វើលំហាត់កងទ័ពទាំង០៣ប្រទេសនេះ ព្រមទាំងរួមគ្នាទប់ស្កាត់ការឃោសនាញុះញង់ បំភាន់ដល់មហាជន ប្រជាជនឱ្យយល់ខុស។

សូមជម្រាបថា នៅព្រឹកថ្ងៃទី១៨ ខែតុលានេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានដឹកនាំក្រុមនាំមុខក្រសួងការពារប្រទេសឡាវ និងវៀតណាម ចុះត្រួតពិនិត្យទីតាំងដោយផ្ទាល់កន្លែងសម្រាប់ពិធីបើក-បិទការធ្វើលំហាត់ ហ្វឹកហ្វឺនរួមរវាងកងទ័ពទាំង៣ប្រទេស នៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងពិនិត្យមើលទីតាំងសម្រាប់ពិធីជួបសំណេះសំណាលរបស់ថ្នាក់រដ្ឋមន្ត្រីទាំង៣ប្រទេសជាមួយនឹងមហាជន លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស នៅក្នុងវិទ្យាល័យទេពប្រណម ស្ថិតក្នុងកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល ផងដែរ។

ការធ្វើលំហាត់សមយុទ្ធរួមគ្នាកម្ពុជា-វៀតណាម-ឡាវ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៤នេះនឹងបានផ្តល់ឱកាសដល់កងទ័ពប្រទេសទាំង៣ប្រទេស ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី ក្នុងនាមជាអ្នកជិតខាងល្អ លើមូលដ្ឋានកិច្ចសហប្រតិបត្តិការ «ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ»។ ការធ្វើលំហាត់នេះ ក៏ដើម្បីចែករំលែកចំណេះដឹង ចំណេះធ្វើ ការផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ក៏ដូចជាបន្តកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល ក្រសួងការពារជាតិប្រទេសទាំងបី ដោយឈរលើស្មារតីគោរពឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី តាមគោលការណ៍ស្មើភាព រក្សាផលប្រយោជន៍គ្នាទៅវិញទៅមក៕