(កំពង់ចាម)៖ ទូកង «មហាទន្សាយតេជោសែនជ័យ» ដែលជាម្ចាស់ជ័យលាភីលេខ១ ទូក ង ល្បឿនលឿន ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ ក្នុងឆ្នាំ២០២៣ នៅពេលនេះ បានប្តេជ្ញារក្សាឱ្យបាននូវតំណែងជាម្ចាស់ជ័យលាភីលេខ១ ទូក ង ល្បឿនលឿន សម្រាប់ឆ្នាំថ្មី ២០២៤នេះ។

ទូកនេះចាប់ប្រសូត្រឡើងតាំងពីសម័យសង្គមរាស្ត្រនិយមដែលពេលនោះក្នុងអំឡុងពេលនៃការលេងភ្លេង ដើម្បីប្រសិទ្ធនាមឈ្មោះទូក ស្រាប់តែមានទន្សាយមួយលោតមកលើដំបូកយាយម៉ៅ ទើបចាស់ៗជំនាន់នោះ បានប្រសិទ្ធឈ្មោះទូកនេះថា «ទន្សាយផ្លោះ» តែម្តង។ ឈ្មោះ «ទន្សាយផ្លោះ» ត្រូវបានប្រើប្រាស់ជាប់រហូតមកដល់ត្រឹមសម័យខ្មែរក្រហម ហើយបានចាប់ផ្ដើមបន្តនៅឆ្នាំ១៩៩៤ ក្រោយទទួលបានសន្តិភាពពេញលេញ។ មកដល់ឆ្នាំ១៩៩៧ លោក ម៉ៅ ភិរុណ តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល បានធ្វើទូកមួយប្រគេនជូនវត្តរាយប៉ាយ ដោយដាក់ឈ្មោះថា «មហាទន្សាយសែនជ័យ» ដែលមានចំណុះ ៥៧នាក់។ នៅឆ្នាំ២០០៨ លោក ម៉ៅ ភិរុណ បានប្រគេនទូកដល់វត្តមួយទៀត ដែលមានចំណុះ ៧៥នាក់ ដែលបានប្រសិទ្ធនាមឈ្មោះជាផ្លូវការថា «មហាទន្សាយតេជោសែនជ័យ» ជាប់រហូតមកទល់បច្ចុប្បន្ន។

ក្នុងកិច្ចសម្ភាសជាមួយបណ្តាញព័ត៌មាន Fresh News, លោក អ៊ាន ម៉េងឡុង ម្ចាស់ និងជាប្រធានក្រុមការងារទូកមហាទន្សាយតេជោសែនជ័យ បានឱ្យដឹងថា​ គិតចាប់ពីឆ្នាំ១៩៩៧មក ទូក «មហាទន្សាយតេជោសែនជ័យ» គឺស្ថិតនៅក្នុងផែនលេខ១រហូតមកទាំងប្រកួតថ្នាក់ជាតិ និងថ្នាក់ខេត្ត។ ទូកនេះ ធ្លាប់ទទួលបានលេខ១ ទូទាំងប្រទេសចំនួន២ដងមកហើយ​ គឺនៅក្នុងឆ្នាំ២០០០ និងឆ្នាំ២០២៣កន្លងទៅ។

តើទូកង »មហាទន្សាយតេជោសែនជ័យ» នឹងរៀបចំយុទ្ធសាស្រ្តរបស់ខ្លួនយ៉ាងដូចម្ដេច ដើម្បីអាចរក្សាតំណែងរបស់ខ្លួនបាន?

ដូច្នេះសូមទស្សនិកជនទស្សនាកិច្ចសម្ភាសរបស់ កញ្ញា រួម ឆាដា ជាមួយ លោក អ៊ាន ម៉េងឡុង ប្រធានក្រុមការងារទូកមហាទន្សាយតេជោសែនជ័យដូចតទៅ៖