(សៀមរាប)៖ ជាដំណឹងគួរឱ្យរីករាយ ! ដោយសារតែខេត្តសៀមរាប-អង្គរ ទទួលបានការអញ្ជើញមកទស្សនាកម្សាន្ត ពីភ្ញៀវទេសចរអន្តរជាតិ យ៉ាងច្រើនកុះករ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

បើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៉ីវិល និងតាមរយៈវីដេអូដែលថត នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានបង្ហាញឱ្យឃើញពីចំនួនភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើនកុះករ បានអញ្ជើញមកកាន់ខេត្តសៀមរាប ដើម្បីមកទស្សនា ទស្សនីយភាពដ៏ល្អឯកគ្មានពីរលើលោក គឺប្រាង្គប្រាសាទអង្គរវត្ត របស់កម្ពុជា។

សូមជម្រាបថា របាយការណ៍ក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅរយៈពេល៩ខែឆ្នាំ២០២៤ (ខែមករា-ខែកញ្ញា) នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៤,៨០០,៥៣២នាក់ កើនឡើង ២២.២ភាគរយ។

ក្នុងចំណោមភ្ញៀវអន្តរជាតិដែលចូលមកទស្សនានោះ មកតាមផ្លូវអាកាសមានចំនួន ១,៧០២,៧៦៨នាក់ កើនឡើង ២៧ភាគរយ មកតាមផ្លូវគោកមានចំនួន ៣,០៩៧,៧១១នាក់ កើនឡើង ១៩.៥ភាគរយ និងមកតាមផ្លូវទឹកមានចំនួន ៥៧,០៥៣នាក់ កើនឡើង ៣៩ភាគរយ៕