(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបង្ហាញរបាយការណ៍ស្ដីពីសភាពការណ៍សន្ដិសុខ ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។

របាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានអគ្គស្នងការដ្ឋាននគរបាលជាតិ បានវាយតម្លៃថា ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បានប្រព្រឹត្តទៅដោយសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ដោយមានកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ពីគណៈបញ្ជាការការពារស្របតាមផែនការដែលបានដាក់ចេញ។

ដោយឡែក សភាពការណ៍គ្រោះថ្នាក់ផ្សេងៗ មានករណីលិចទូក៩លើក ស្មើ៩ទូក (ពុំមានគ្រោះថ្នាក់ដល់អាយុជិវិតឡើយ)។ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង១លើក នៅគោលដៅ ក.៣.៧ បង្កដោយម៉ូតូរវាងម៉ូតូ បណ្តាលរបួសស្រាល២នាក់។

ករណីផ្ទុះកំប៉ុងហ្គាស១លើក (គោលដៅក.៣.៧) ប៉ុន្តែមិនបណ្តាលឲ្យមានអ្នករងរបួសឡើយ កម្លាំងការពារគោលដៅបានធ្វើការអប់រំណែនាំអ្នកប្រើប្រាស់ហ្គាសឲ្យមានការប្រុងប្រយ័ត្តខ្ពស់។

ចំពោះលទ្ធផលកិច្ចប្រតិបត្តិការ និងអន្ដរាគមន៍ សង្គ្រោះវិញ បានទប់ស្កាត់ការបង្ហោះដ្រូនដោយគ្មានការអនុញ្ញាត (ដ្រូនធម្មតា) ចំនួន៤គ្រឿង។ កម្លាំងការពារគៅលដៅ បានរកឃើញក្មេងវង្វេងសាច់ញាតិចំនួន១៩នាក់ ដោយបានធ្វើការផ្សព្វផ្សាយ ហើយត្រូវបានសាច់ញាតិមកទទួលយកត្រឡប់ទៅវិញ។

ក្រុមគ្រូពេទ្យប្រចាំការនៅតាមគោលដៅ បានធ្វើការសង្រ្គោះបឋមដល់អ្នកដែលមានបញ្ហាសុខភាពសរុបចំនួន ២,១០៣នាក់ (ស្រី៥០៣នាក់) និងបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យចំនួន៥នាក់៕