(ភ្នំពេញ)៖ កងទ័ពជើងគោក បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ជុំវិញករណីកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួន លោកវរសេនីយ៍ទោ សុខ ស៊ុនណារ៉េត ឪពុកលោក ស៊ន តារា ពាក់ព័ន្ធនឹងករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន។
សេចក្តីប្រកាសព័ត៌មានរបស់កងទ័ពជើងគោក ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានឱ្យដឹងថា បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ មានកិត្តិយសសូមគោរពជម្រាបជូន សាធារណជន និងអ្នកសារព័ត៌មាន មេត្តាជ្រាបថា៖ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ ស៊ុនណារ៉េត ភេទប្រុស អាយុ៦៦ឆ្នាំ ពាក់ព័ន្ធនឹងករណីបទល្មើសរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិដក់ពរ សង្កាត់ ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សូមបញ្ជាក់ជូនថា ចំពោះករណីខាងលើនេះ មិនមានការពាក់ព័ន្ធនឹងកិច្ចការកងទ័ព ឬកិច្ចការនយោបាយឡើយ គឺជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែងដែលពាក់ព័ន្ធនឹងគ្រឿងញៀនប៉ុណ្ណោះ។
បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នឹងបន្តតាមដានករណីខាងលើនេះ ដោយយកចិត្តទុកដាក់៕