(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចុះល្បាត និងត្រួតពិនិត្យតាមបណ្តាគោលដៅសំខាន់ៗ និងដាក់ពង្រាយកម្លាំងការពារសន្តិសុខនៅតាមតំបន់សប្បាយដ្ឋានទាំងអស់ ដើម្បីការពារសន្តិសុខ​ សុវត្ថិភាព​ និងសណ្តាប់ធ្នាប់ ក្នុងឱកាសអបអរសាទរនៃព្រះរាជពិធីបុណ្យអ៊ុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ទូទាំងខេត្តព្រះសីហនុ។

កម្លាំងសមត្ថកិច្ចរបស់ស្នងការនគរបាលខេត្តព្រះសីហនុ បានពង្រឹងសន្តិសុខ រួមទាំងមធ្យោបាយ និងសម្ភារៈ បម្រើលើកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកកម្សាន្តសប្បាយរីករាយនៅក្នុងភូមិសាស្ត្រទូទាំងខេត្ត។

កម្លាំងទាំងអស់បំពាក់ទៅដោយឧបករណ៍ សម្ភារដែលបម្រើឲ្យកិច្ចការពារសន្តិសុខ ក្នុងនោះមានកម្លាំងល្បាតត្រួតពិនិត្យជាប្រចាំ ប្រើប្រាស់កម្លាំងប្រចាំបញ្ជា កម្លាំងការពារគោលដៅទីតាំងសប្បាយ វត្តអារាម ផ្សារតូចធំ រមណីដ្ឋានផ្សេងៗ និងប្រើប្រាស់កម្លាំងសម្រួលដោះស្រាយចរាចរណ៍នៅក្នុងភូមិសាស្ត្រខេត្ត៕