(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ប្រធានក្រុមការងាររាជរដ្ឋាភិបាលនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះបានចុះសំណេះសំណាលនិងលើកទឹកចិត្តដល់កីឡាករចំណុះទូកមកពីខេត្តក្រចេះនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីតាំងស្នាក់នៅរបស់កីឡាករកីឡាករិនីទូកនៅតំបន់ជ្រោយចង្វារ។
លោក នេត្រ ភក្ត្រា បានបន្តណែនាំដល់កីឡាករអុំទូកទាំងអស់មកពីខេត្តក្រចេះរួមសាមគ្គីភាពគ្នា ត្រូវគោរពឱ្យបាននូវវិន័យ សេចក្តីថ្លៃថ្នូរ និងស្ដាប់នូវការណែនាំរបស់គណៈកម្មការ។
ប្រធានក្រុមការងារ បានលើកឡើងថា ការចូលរួមប្រណាំងទូករបស់បងប្អូនខេត្តក្រចេះ ដើម្បីចូលរួមអបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក៏ដូចជាបង្ហាញពីសាមគ្គីភាពជាតិខ្មែរក្រោមម្លប់នៃសុខសន្តិភាព និងដើម្បីបង្ហាញដល់ភ្ញៀវបរទេសបានឃើញនូវទំនៀមទម្លាប់ ប្រពៃណីដ៏ផូរផងរបស់ប្រទេសកម្ពុជាយើង។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ក្នុងកីឡា ចាញ់ឈ្នះជារឿងធម្មតា អ្វីដែលសំខាន់គឺបង្កើតភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋទាំងអ្នកដែលបានអញ្ជើញមកទស្សនាផ្ទាល់នៅមុខព្រះបរមរាជវាំង និងបងប្អូនប្រជាពលរដ្ឋដែលបានតាមដានការផ្សាយផ្ទាល់និងបន្តផ្ទាល់នៅតាមកញ្ចក់ទូរទស្សន៍។
លោករដ្ឋមន្ត្រីបានស្នើដល់កីឡាករចំណុះទូកទាំងអស់ សូមថែរក្សាសុខភាពឱ្យបានល្អ សម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមចូលរួមអុំទូកឱ្យទទួលបានជោគជ័យ និងសុខសុវត្ថិភាពក្នុងរយៈពេល ២ ថ្ងៃទៀតនេះនៃព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក៕