(ភ្នំពេញ)៖ បន្ទាប់ពីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុកនាថ្ងៃទី១ បានបញ្ចប់ទៅ ក្រុមការងារខាងសម្អាតអនាម័យរបស់សាលារាជធានីភ្នំពេញ និងក្រុមហ៊ុនប្រមូលសំរាមទាំង៣ បានសហការគ្នា សំរុករួតរះសម្អាត ដោយការប្រមូលសំរាមដឹកចេញ និងមានការបាញ់ទឹកលាងសម្អាត តាមដងផ្លូវទីតាំងនានាផងនោះ បានបញ្ចប់ដោយជោគជ័យស្អាត និងមានសោភណ្ឌភាពឡើងវិញ ត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៥ វិច្ឆិកា។
បើទោះបីក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤នេះ មានបងប្អូនប្រជាពលរដ្ឋយើង ដែលមកដើរកំសាន្តមានការយល់ដឹងខ្ពស់ ក្នុងការទុកដាក់សំរាម យ៉ាងណាក៏ដោយ រដ្ឋបាលរាជធានីភ្នំពេញ តាមការណែនាំ និងយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ចេញកម្លាំងការិយាល័យសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ចំនួន៣៣០នាក់ សហការជាមួយក្រុមហ៊ុនប្រមូលសំរាមទាំង៣ នៅរាជធានីភ្នំពេញ ដើម្បីបោសសម្អាត កើបសំរាម នៅតាមដងផ្លូវ តាមសួនច្បារនានា និងតំបន់ប្រារព្ធពិធី ប្រមូលវិខ្ចប់រួចដឹកចេញដោយព្រឹកឡើង គឹបានរួចរាល់ស្អាតទាំងអស់តែម្តង។
នេះបើយោងតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
លោកស្រីបន្តថា ទោះបីព្រះរាជពិធីបុណ្យបានបញ្ចប់ទៅដោយបានបន្សល់នូវសំរាម ដែលបងប្អូនប្រជាពលរដ្ឋយើងបានដើរលេងកម្សាន្ត និងហូបចុក តាមសួនច្បារនានា ក្នុងរាជធានីភ្នំពេញ តែត្រូវបានធ្វើការបោសសំអាត និងប្រមូលកើបចេញ អស់នៅថ្ងៃបន្ទាប់។
ជាមួយគ្នានេះ លោក ស៊ូ សាវ៉ន ប្រធានការិយាល័យ សួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា កម្លាំងបោសសម្អាត សំរាម នៅតាមដងផ្លូវ សួនច្បារនានា និងតំបន់ប្រារព្ធពិធី ដោយធ្វើបោសសំអាត កើបសំរាម ចេញក្រោយចប់ពិធីសប្បាយភាព ចាប់ពីម៉ោង១២យប់ ថ្ងៃ ១៤វិច្ឆិកា រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១៥វិច្ឆិកា ទើបរួចរាល់ទាំងស្រុង។
លោកស្រី ដោ សម្ផស្ស បានបញ្ចាក់ទៀតថា «ការគ្រប់គ្រងសំរាម ឬប្រមូលសំរាមចេញពីតំបន់កម្សាន្តនានា ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ គឺអាជ្ញាធររាជធានីយើងគ្រប់គ្រងបានដូចរាល់ឆ្នាំ មិនមានការយឺតយ៉ាវ ឬកកស្ទះសំរាមនោះទេ»។
លោកស្រីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងទៀតថា សម្រាប់ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤នេះ មានបងប្អូនប្រជាពលរដ្ឋខ្មែរយើង និងជនបរទេសជាភ្ញៀវទេសចរប្រមាណ១លាន១សែននាក់ បានចូលរួមទស្សនាកម្សាន្ត ប្រកបដោយទឹកមុខសប្បាយរីករាយក្រោមម្លប់នៃសន្តិភាព។ ជារួមឆ្នាំ២០២៤នេះ មានអ្នកដើរលេងកម្សាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូកមានការកើនឡើងជាងឆ្នាំមុនៗ ជាពិសេសនោះគឺភ្ញៀវទេសចរបរទេស។
អ្នកនាំពាក្យរូបនេះ បញ្ជាក់ដែរថា ដោយសារតែឆ្នាំ២០២៤នេះ គណៈកម្មការបុណ្យជាតិ និងអន្តរជាតិ បានរៀបចំជាវេទិកា ដែលបើកទូលាយជូនភ្ញៀវបរទេសអាចអញ្ជើញចូលរួមទស្សនា ដែលធ្វើឱ្យភ្ញៀវបរទេសបង្ហាញអារម្មណ៍សប្បាយចិត្ត និងពេញចិត្តជាខ្លាំង
ចំពោះសន្តិសុខសណ្តាប់ធ្នាប់វិញ ត្រូវបានអ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ពុំមានចំណុចអ្វីគួរកត់សម្គាល់ទេ គឺយើងរក្សាបានសណ្តាប់ធ្នាប់របៀបរៀបរយបានល្អ ក្រោមការយកចិត្តទុកដាក់ ខ្ពស់បំផុតពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងនាមជាម្ចាស់ផ្ទះ ដោយរួម ជាមួយថ្នាក់ជាតិ និងកងកម្លំាង និងគ្រប់ផ្នែក ដែលពាក់ព័ន្ធសហការគ្នាការពារគឺមានសន្តិសុខ សណ្តាប់ល្អ ពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។
ប៉ុន្តែអ្វីដែលកត់សម្គាល់ គឺមានចំណុចតូចៗមួយចំនួន ដូចជាករណីវង្វេងបាត់ក្មេងពីឪពុកម្តាយ ឬអាណាព្យាបាល ប៉ុន្តែទោះជាយ៉ាងនេះក្តី ករណីនេះក៏ត្រូវបានក្រុមការងារ ប្រើប្រាស់ប្រព័ន្ធទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ រហូតឈានដល់ការរកឃើញវិញផងដែរ ៕