(ភ្នំពេញ)៖ ក្នុងសម័យតេជោសន្ដិភាព រាជរដ្ឋាភិបាលស្ថិតក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងការដឹកនាំស្រុកទេសពោរពេញដោយការអភិវឌ្ឍលើគ្រប់វិស័យដ៏ស្រស់ឆើតឆាយ និងធ្វើឲ្យពិភពលោក មើលឃើញកម្ពុជា គឺជាប្រទេសមហាសេដ្ឋីបេតិកភណ្ឌវប្បធម៌រូបី និងអរូបី ដ៏បរមបុរាណជាងគេក្នុងតំបន់។ ក្នុងបរិការណ៍នេះបើពោលអំពីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដែលតែងប្រារព្វនៅទន្លេចតុមុខ ពីមុខព្រះបរមរាជវាំងយ៉ាងអធិកអធម និងធ្វើឲ្យទេសចរជាតិ និងអន្ដរជាតិ មានក្ដីអំណរសាទរ និងសប្បាយរីករាយដ៏ប្រពៃថ្លៃថ្លា យើងឃើញទូកប្រណាំងតែងមានបំពាក់ភ្នែក យ៉ាងប្រណិតនិងផ្ចិតផ្ចង់បំផុត បានរត់ប្រណាំងប្រដេញគ្នាយ៉ាងលឿនលយលើខ្សែទឹកហូរដ៏រស់រវើក។
ហេតុអ្វីបានជាទូកប្រណាំងមានបំពាក់ភ្នែក?
អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បើយើងនិយាយអំពីព្រះរាជពិធីបុណ្យអុំទូក ដែលយើងឃើញទូកប្រណាំងនីមួយៗ មានបំពាក់ភ្នែកដ៏ស្រស់ថ្លានិងមោះមុត គឺគេមានជំនឿថា ភ្នែកនេះដើម្បីបំភ្លឺផ្លូវ នាំទូកឆ្ពោះទៅរកភាពជោគជ័យដ៏ត្រចះត្រចង់ក្នុងការប្រកួត និងសេចក្ដីសុខចម្រើនដល់អ្នកចំណុះទូក និងដល់ភូមិ-ឃុំរបស់ខ្លួន។ បើពោលឲ្យចំ ក្នុងការបំពាក់ភ្នែកឲ្យទូកប្រណាំង មុននឹងយកទៅប្រកួត គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីឲ្យទូកមានជីវិត "ព្រលឹងវិញ្ញាណ" ពីព្រោះក្នុងទស្សនៈខ្មែរ អ្វីជាទីភ្លឺ មានពន្លឺ គឺជាទីមានជីវិត ហើយអ្វីដែលជាទី- ងងឹត ពុំមានពន្លឺ គឺជាទី «ស្លាប់» ។ ហេតុនេះ បានជាមនុស្សស្លាប់ភ្លាមៗ អាចារ្យ គេតែងយកដៃបិតភ្នែក ព្រោះទូកមានក្បាល, ដងខ្លួន និងកន្ទុយ មិនខុសពីតួខ្លួនមនុស្សយើងឡើយ។
ម្យ៉ាងវិញទៀត មុននឹងធ្វើការបំពាក់ភ្នែកទូកប្រណាំងនេះទៀតសោត គេពុំមែនចេះតែយកទៅពាក់ឲ្យរួចពីដែពីជើងនោះទេ គឺត្រូវមានអាចារ្យ រៀបចំកិច្ចពិធីជាដង្វាយ មានដូចជា ក្បាលជ្រូក ,មាន់ស្ងោរ, ចេក ,ម្លូស្លា, ទៀន ,ធូក និងគ្រឿងសក្ការៈក្រអូបផ្សេងៗ ដើម្បីប្រោះព្រំទឹកមន្ដ ឲ្យដល់ចំណុះទូកប្រណាំងនីមួយៗ ដែលគេជឿថា តែងមានព្រាយកាន់ ហៅថា"ព្រាយទូក" ដើម្បីសុំបារមីភ្នែកទូក ទប់ស្កាត់នូវសត្រូវដែលប៉ុនប៉ងមកយារយីផ្សេងៗ និងសុំសេចក្ដីសុខដល់អ្នកចំណុះទូក ភូមិ-ឃុំ-ស្រុកទេសរបស់ខ្លួន។
លោក រ័ត្ន សណ្ដាប់ បន្ដថា បើពោលឲ្យលើសពីនេះទៅទៀត អំពីការធ្វើភ្នែកទូកប្រណាំង មានលក្ខណះផ្ចិតផ្ចង់ហ្មត់ចត់ណាស់ មានក្បួនខ្នាតសមស្របតាមខ្នាតរបស់ទូក និងមានក្បាច់លម្អយ៉ាងវិចិត្រ។ ប្រភេទឈើវិញ គេជ្រើសរើសសាច់ឈើល្អ ជៀសវាងប្រេះស្រាំ ឈើជាប្រភេទស្រាល ដូចជាសំរោង, គ ជាដើម។ ដោយគេយល់ថា ឈើទាំងនោះ ងាយស្រួលក្នុងការឆ្លាក់ក្បាច់ផង និងងាយស្រួលក្នុងការដោះចេញ ឬដាក់វិញផង។ តាមទម្លាប់កាលពីសម័យបុរាណ បើគេអុំ ឬ ចែវទូក ឆ្លងកាត់ក្រោមស្ថាន គេតែងតែឈប់ដោះភ្នែកទូកចេញសិន លុះអុំឆ្លងផុតស្ពានហើយ ទើបគេបំពាក់ឲ្យទូកវិញ ឬជូនកាលគេបញ្ឍប់ចរាចររបស់ប្រជាជនដែលដើរឆ្លងកាត់លើស្ពានមួយរយៈខ្លី លុះទូក ឆ្លងផុតស្ពានទើបអនុញ្ញាតឲ្យប្រជាជនធ្វើដំណើរវិញ។ ព្រោះគេមានជំនឿថា អទិទេព គង់នៅត្រង់ភ្នែកដ៏មានមហិទ្ធឬទ្ធិដ៏ខ្លាំងពូកែ។
ហេតុនេះក្នុងការបំពាក់ភ្នែកទូក គេពិនិត្យយ៉ាងហ្មត់ចត់ណាស់ គឺជៀសវាងវៀច រង្គើលរលុងជ្រុះក្នុងពេលប្រកួត។ ជាទូទៅគេតែងដាក់ភ្នែកទូក នៅផ្នែកខាងក្បាលចំហៀងសងខាង និងការសរសេរឈ្មោះ នៅពីមុខភ្នែក ជាអក្សរខ្មែរធំល្មម ភាគច្រើនសរសេរជាពណ៌ស ឬពណ៌ផ្សេងៗ នៅលើផ្ទៃទូក ដោយគេលាបម្រ័ក្សពណ៌ខ្មៅ ដើម្បីឲ្យពណ៌ប្រដេញគ្នាស្រស់ឧត្ដុង្គឧត្ដម៕