(ភ្នំពេញ)៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កំពុងប្រព្រឹត្ត​ទៅ​ក្រោម​​បរិយាកាសមហាសប្បាយរីករាយទាំងសម្រាប់ការរៀបចំនៅរាជធានីភ្នំពេញ និងតាមបណ្តា​ខេត្ត​មួយ​​ចំនួន។ ការប្រព្រឹត្តទៅនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អក​អំបុក​ដែលជា​ព្រះ​រាជ​បវេណីដ៏ត្រកាលរបស់ខ្មែរនៅឆ្នាំ២០២៤នេះ គឺជាឆ្នាំទី២ហើយ ក្រោមការរៀប​ចំ​ចាត់​ចែង​របស់​​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា​ប្រសូតចេញពី​ការ​បោះឆ្នោត ប្រសូតចេញពីការពេញចិត្តរបស់ប្រជាពលរដ្ឋខ្មែរ។

ទទួលភារកិច្ចដែលជាអម្រែកដ៏មហិមាជាមួយការទទួលខុសត្រូវដ៏ខ្ពស់ចំពោះជោគវាសនាជាតិ និង​ប្រជា​ជនកម្ពុជារយៈពេលជាងមួយឆ្នាំនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រឹងប្រែងអស់​កម្លាំង​កាយចិត្តបញ្ញាញាណក្នុងការបន្តដឹកនាំនាវាកម្ពុជាជាមួយស្មារតីរបស់មេដឹកនាំនីតិកាល​ចាស់ គឺសម្តេចតេជោ ហ៊ុន សែន ឈានឆ្ពោះទៅមុខ ទៅរកត្រើយវឌ្ឍនភាព និងវិបុលភាព។ ជា​ពិសេស​ការ​រក្សាឱ្យបាននូវសុខសន្តិភាព ស្ថេរភាពដែលជាបុព្វលក្ខខណ្ឌដ៏ចាំបាច់សម្រាប់កម្ពុជាបន្ត​បោះ​​ជំហាន​នៃការរីកចម្រើន។

ក្រៅពីការគិតគូរកសាងសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារខ្មែរ ឱ្យរីកចម្រើនលូតលាស់ហើយនោះ គេបានមើលឃើញផងដែរថា សម្តេច​មហាបវរធិបតី បានយកចិត្តទុកដាក់ចាត់ចែងរៀបចំរាល់​ព្រះរាជ​ពិធី និងពិធីបុណ្យធំៗរបស់​ជាតិ ឱ្យប្រព្រឹត្តទៅបានល្អប្រសើរ និងនាំមកនូវភាពសប្បាយ​រីករាយជូនប្រជាពលរដ្ឋ ក៏ដូចជារក្សា​ឱ្យបាននូវទំនៀមទម្លាប់ប្រពៃណីជាគ្រឹះវប្បធម៌ ជាគ្រឹះអត្ត​សញ្ញាណ​របស់ជាតិ។

ជាក់ស្តែងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលកំពុងប្រព្រឹត្ត​ទៅ​ក្នុង​​រាជធានីភ្នំពេញនៅឆ្នាំ២០២៤ ដែលជាឆ្នាំទី២ ក្រោម​ការដឹក​នាំ គ្រប់គ្រង និងចាត់ចែងការងារ​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានប្រព្រឹត្តទៅដោយភាពសប្បាយ​រីក​រាយ ជាមួយការរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់រៀបរយយ៉ាងល្អប្រសើរ។ ស្ថានភាពដ៏ប្រសើរ​ក្រោមការចូលរួមពីប្រជាពលរដ្ឋរាប់លាននាក់មកពីគ្រប់ទិសទីប្រៀបដូចជាសាគរនៃមនុស្សបែបនេះ កើតមានទៅបានក៏ព្រោះតែស្ថានភាពសេដ្ឋកិច្ចប្រទេសជាតិ ក៏ដូចជាគ្រួសារនីមួយៗមានភាព​ល្អ​ប្រសើរ បូក​រួម​ជា​មួយការចាត់ចែងការងារគ្រប់ផ្នែកប្រកបដោយភាពល្អប្រសើរ និងមានការយក​ចិត្ត​ទុកដាក់​ខ្ពស់។

ព្រះសិរីសម្ភារ៍​ បណ្ឌិត​ អេង​ ផល្លា​ ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា​ ព្រះអនុ​គណ​ស្រុកសំបូរ​ ខេត្តក្រចេះ និងជាព្រះចៅអធិការវត្តព្រះវិហារធំសសរ១០០​ ដែលបាន​និមន្ត​ដឹក​នាំគណៈកម្មការទូកងខ្នាតវែង «ព្រះសិរីមុនីរាជតេជោសែនជ័យ» ចូលរួមប្រកួតនៅឆ្នាំ២០២៤នេះ បាន​បង្ហាញទឹកព្រះទ័យរីករាយ និងកោតសរសើរចំពោះការរៀបចំទូទៅនៃព្រះរាជពិធីបុណ្យអុំទូក​នៅ​ឆ្នាំនេះមានភាពល្អប្រសើរទាំងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ការតុបតែងលំអរ និងការរៀបចំ​កន្លែង​ស្នាក់នៅរបស់កីឡាករ។

ព្រះសិរីសម្ភារ៍​ បណ្ឌិត​ អេង​ ផល្លា​ បានបង្ហាញការកត់សម្គាល់បែបនេះ «ស្ថានភាពដ៏ល្អនេះ បាន​បង្ហាញ​ឱ្យឃើញពីការយកចិត្តទុកដាក់ ការស្រឡាញ់ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺលោកគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកមកពីតាមបណ្តាខេត្ត​ឆ្ងាយៗ។ អ៊ីចឹងហើយលោកបានចាត់ចែងក្រុមការងារគ្រប់សមាសភាពពាក់ព័ន្ធឱ្យជួយសម្រួល​យ៉ាងម៉េចឱ្យបងប្អូនយើងមកហ្នឹងមាននូវសេចក្តីសុខសុវត្ថិភាព មានការហូបចុកគ្រប់គ្រាន់ និង​មួយ​វិញទៀត ដើម្បីថែរក្សាទំនៀមទម្លាប់ប្រពៃណីដ៏ល្អរបស់ខ្មែរយើង និងធ្វើបង្ហាញទៅឆាក​អន្តរជាតិ​ថា​ខ្មែរ​មាន​សន្តិសុខសុវត្ថិភាពពេញលេញ»

សូមបញ្ជាក់ថាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បាននិងកំពុង​ប្រព្រឹត្តទៅយ៉ាងសប្បាយរីករាយ។ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រខែ អក​អំបុក ដែលកំពុងប្រព្រឹត្តនៅមុខព្រះបរមរាជវាំងក្នុងឆ្នាំនេះ មានទូកចូលរួម៣៤៦ទូក ជាមួយ​កី​ឡាករ និងគណៈកម្មការសរុបជាង ២ម៉ឺននាក់។

ថ្ងៃទី១នៃព្រះរាជពិធី គឺថ្ងៃទី១៤ ខែវិច្ឆិកា មានអ្នកចូលរួមលេងកម្សាន្តទាំងពលរដ្ឋខ្មែរ និងជនបរទេសសរុបជាង១លាននាក់ ជាមួយសន្តិសុខសណ្តាប់ធ្នាប់បានល្អប្រសើរ៕