(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតសម្តែងនូវការអបអរសាទរ និងជូនពរចំពោះ សម្តេ​ចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅក្នុងឱកាសខួបចម្រើនជន្មាយុ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤​នេះ។

ឆ្លៀតក្នុងឱកាសដ៏សិរីមង្គលនេះផងដែរ យើងខ្ញុំសូមកោតសរសើរចំពោះគុណបំណាច់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ក្នុងការរួមចំណែកឥតឈប់ឈរ កសាងជាតិមាតុភូមិ រហូតទទួលបានភាពសម្បូរសប្បាយរុងរឿង និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ធ្វើឱ្យប្រជាជនរស់នៅប្រកបដោយភាពថ្លៃថ្នូរ ក្នុងសុខសន្តិភាព និងមានជីវភាពឈានឡើងជាបន្តបន្ទាប់។ ជាមួយនេះ សម្តេចមហារដ្ឋសភាធិការធិបតី បានដឹកនាំរដ្ឋសភាប្រកបដោយកិត្យានុភាពទាំងក្នុងក្របខ័ណ្ឌជាតិ តំបន់ និងអន្តរជាតិ ជាពិសេស ចូលរួម ចំណែកដល់ការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការជំរុញការទូតសភាប្រកបដោយ មោទនភាព និងការធានាបាននូវផលប្រយោជន៍ជាតិ សុខសន្តិភាព និងស្ថិរភាពសង្គម។

យើងខ្ញុំទាំងអស់គ្នា សូមយកឱកាសដ៏វិសេសវិសាលនេះ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមមេត្តាតាមជួយបីបាច់ថែរក្សាប្រោះព្រំនូវសព្ទសាធុការ ពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការជូន សម្តេចមហារដ្ឋសភាធិការជីបតី ព្រមទាំងក្រុម គ្រួសារ សូមមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខចម្រើន មានសុខុមាលភាពល្អបរិបូរណ៍ និងសូម ប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លាបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕