(ពោធិ៍សាត់)៖ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់, លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នាយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីរាជការ សមាជិកាសាខាសមាគមនារីខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ប្រារព្ធពិធីបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅលើបូរីវប្បធម៌កោះសំពៅមាស ទៅតាមទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរយើង។

ជាមួយនឹងការប្រារព្ធពិធីនេះ គេសង្កេតឃើញមានការពង្រាយកម្លាំងសមត្ថកិច្ចជាច្រើននាក់ ដើម្បីរឹតបណ្តឹង សន្តិសុខ និងសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរ ដែលបានមកចូលរួមទស្សនាការប្រគុំតន្រ្តី រាំលេងកម្សាន្ត ការបាញ់កាំជ្រូច ការបង្ហោះគោម ដើម្បីចូលរួមអបអរសាទរ និងបង្កើនភាពសប្បាយរីករាយ ឱ្យកាន់តែមានភាពអធិកអធម បន្ថែមទៀត ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាប់ឆ្នាំ២០២៤នេះ។

សូមបញ្ជាក់ថា ថ្ងៃបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅលើកោះសំពៅមាសឆ្នាំនេះ មានរៀបចំគ្រឿងរន្តាប់ បុសបុក ទៅតាមទម្លាប់ព្រះពុទ្ធសាសនា និងព្រហ្មញសាសនា ព្រមទាំងមានជូនភ្ជាប់ទស្សនីយភាព របាំជូនពរ របាំទូកងនារី របាំប្រទីបខ្មែរ+ អំបុកខ្មែរថែជាតិ ពិធីក្រុងពិលីសុំម្ចាស់ទឹកម្ចាស់ដី ពិធីអុជទៀនធូប ថ្វាយព្រះរតនៈត្រៃ និងបារមីគ្រប់ទិសទី ពិធីប្រកាសទេវតា បារមីគ្រប់ទិសទី ពិធីលើកដង្វាយថ្វាយព្រះខែ ពិធីសម្រក់ទៀនជ័យ តាមក្រុង/ស្រុកទាំង៧ ពិធីដាល់អំបុកជានិមិត្តរូប ពិធីអកអំបុក ពិធីបណ្តែតប្រទីប ពិធីអុជកាំជ្រួច ពិធីបង្ហោះគោម និងការប្រគុំតន្ត្រីរាំលេងកម្សាន្ត ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកផងដែរ។

លោក ឡាច ផេងលី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក ដែលធ្វើព្រមគ្នាជាមួយនឹងពិធីបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ជាមរតកវប្បធម៌ដូនតាខ្មែរសុទ្ធសាធ។ ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋខ្មែរ តែងតែប្រារព្ធពិធីនេះ នៅថ្ងៃទី១៤, ១៥កើត និង១រោជ ខែកក្ដិក ដែលមានរយៈពេលបីថ្ងៃ ដើម្បីបន់ស្រន់សុំសេចក្តីសុខ និងទឹកភ្លៀង ទៅតាមជំនឿរបស់ប្រជាពលរដ្ឋខ្មែរ, អភិរក្សវប្បធម៌ប្រពៃណីយខ្មែរពីដូនតា, បង្ហាញពីភោគផលដំណាំដាំដុះ របស់ប្រជាកសិករ និងបង្ហាញពីការរីកចម្រើនលូតលាស់គ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម។

លោកប្រធានមន្ទីរបានបន្ថែមថា ខេត្តពោធិ៍សាត់ ពិតជាមានភ័ព្វសំណាងណាស់ ដែលមានអភិបាលខេត្តយកចិត្តទុកដាក់ គិតគូរពីទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ និងសិល្បៈ រៀបចំពិធីផ្សេងៗឡើង ជាក់ស្តែងដូចជាពិធីប្រណាំងទូក ង ខ្នាតអន្តរជាតិ ដែលទើបតែប្រារព្ធធ្វើ ជាលើកទី៥ កាលពីថ្ងៃទី០៩-១០ ខែវិច្ឆិកាកន្លងទៅ នៅតាមដងស្ទឹងពោធិ៍សាត់ ទល់មុខផ្លូវចូលវត្តពាលញែក ផ្លូវលេខ១០១។

បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់បានឲ្យដឹងថា ស្ថានភាពទេសចរតាមរមណីយដ្ឋានក្នុងខេត្ត នាឱកាសបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃទី២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរ សរុបចំនួន៣៥,៣៨៧ នាក់ ក្នុងនោះមាន៖ ទេសចរជាតិ ៣៥,៣៤៤នាក់ និងទេសចរបរទេស ៤៣នាក់៕