(កំពត)៖ សាកលវិទ្យាល័យCUS បានបើកធ្វើសន្និសីទ ស្ដីពី «ការសិក្សានៅឧត្តមសិក្សា និងឱកាសការងារ» នៅសាកលវិទ្យាល័យ CUS សាខាខេត្តកំពត ស្ថិតក្នុងភូមិស្វាយធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក មាស បូរ៉ា សាកលវិទ្យាធិការ CUS និងបណ្ដាវាគ្មិន ព្រមទាំងសិក្ខាកាម សិស្សានុសិស្ស ព្រះសង្ឃ និងអ្នកពាក់ព័ន្ធ ជាច្រើនអង្គ/នាក់។
លោក រឿន រ៉េត នាយកសាខាសាកលវិទ្យាល័យ CUS ខេត្តកំពត បានលើកឡើងថា សាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា ត្រូវបានបង្កើតឡើងដោយ លោកបណ្ឌិត ស្តើង សុខុម តាមរយៈការអភិវឌ្ឍចេញពីវិទ្យាស្ថានឯកទេសនៃកម្ពុជា ដែលបានបង្កើតឡើងនៅឆ្នាំ២០០២ ដោយមានការទទួលស្គាល់ពេញលេញ និងជាផ្លូវការដោយរាជរដ្ឋាភិបាលនៃកម្ពុជា និងក្រសួងអប់រំយុវជន និងកីឡា ដោយមានការរីចម្រើនកាន់តែខ្លាំង វិទ្យាស្ថាននេះត្រូវបានប្រែក្លាយទៅជាសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា តាមអនុក្រឹត្យលេខ០១ អនក្រ.បក ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០០៤។
សាកលវិទ្យាល័យ CUS នេះ ធ្វើការបណ្តុះបណ្តាល ចាប់ពីជំនាញឯកទេស បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត តាមរយៈមហាវិទ្យាល័យចំនួន៥ រួមមាន៖
*១៖ មហាវិទ្យាល័យ សិល្បៈ មនុស្សសាស្ត្រ និងភាសា
*២៖ មហាវិទ្យាល័យ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
*៣៖ មហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម និងសេដ្ឋកិច្ច
*៤៖ មហាវិទ្យាល័យ វិស្វកម្ម
*៥៖ មហាវិទ្យាល័យ វិទ្យាសាស្ត្រសង្គម និងនីតិសាស្ត្រ។
សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា មានបទពិសោធន៍លើការបណ្ដុះបណ្ដាលជាង១៩ឆ្នាំ ប្រកបដោយភាពជោគជ័យ មានសាស្ត្រាចារ្យ បុគ្គលិកគ្រប់គ្រាន់ ដែលមានសញ្ញាបត្រខ្ពស់ បទ ពិសោធន៍ជំនាញច្បាស់លាស់ និងបានធ្វើកិច្ចសហប្រតិបត្តិការ ព្រមទាំងចុះអនុស្សារណៈយោគយល់ ជាមួយសាកលវិទ្យាល័យ និងស្ថាប័ន្តបរទេសដូចជា ប្រទេសថៃ កូរ៉េ ចិន ហ្វីលីពីន ឥណ្ឌូនេស៊ី អាឡឺម៉ង់ វៀតណាម អុីស្រាអែល ឥណ្ឌា បង់ក្លាដេស ជប៉ុន អង់គ្លេស ម៉ាឡេស៊ី បច្ចុប្បន្ន CUS មាន ៩ទីតាំង គឺ៣ទីតាំងនៅរាជធានីភ្នំពេញ និង៦ទីតាំងទៀត នៅតាមបណ្តាខេត្ត រួមមាន ខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពត។ និស្សិតដែលបានបញ្ចប់ការសិក្សា ចំនួនជិត ៤០,០០០នាក់ និងនិស្សិតកំពុងសិក្សាចំនួនជិត ២០,០០០នាក់ ដែលចំនួននេះមានការកើនឡើងជារៀងរាល់ឆ្នាំ។
សាកលវិទ្យាល័យបានបណ្ដុះបណ្ដាលដោយផ្ដោតទៅលើ «គុណភាព» បង្រៀន រៀន អនុវត្ដ ស្រាវជ្រាវ សេវាកម្ម «សមត្ថភាពវិជ្ជាជីវៈ» ចំណេះដឹង ចំណេះធ្វើ «បុគ្គលិកលក្ខណសម្បត្ដិល្អ» ចរិយាសម្បត្ដិ រូបសម្បត្ដិ ភាពសកម្មការងារ និងសិល្បៈនៃការរស់នៅ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ សាកលវិទ្យាល័យ បានបញ្ជូននិស្សិតទៅសិក្សានៅក្រៅប្រទេស ព្រមទាំងទទួលនិស្សិតបរទេស មកផ្លាស់ប្តូរបទពិសោធន៍នៃការសិក្សាបានមួយចំនួន និងបានសហការជាមួយស្ថាប័ន ក្រុមហ៊ុនដៃគូសហប្រតិបត្តិការទាំងក្នុង និងក្រៅប្រទេស ដើម្បីបង្កលក្ខណៈងាយស្រួលដល់និស្សិត ចុះកម្មសិក្សា ហាត់ការ រកការងារធ្វើ ជាក់ស្តែងដូចជាថ្ងៃនេះ សាកលវិទ្យាល័យបានសហការ ជាមួយមជ្ឈមណ្ឌលការងារខេត្តកំពត នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ និងអង្គការអូរីដា ដើម្បីធ្វើសន្និសីទរួមគ្នា ប្រយោជន៍ដើម្បីឱ្យការយល់ដឹងរបស់និស្សិតកាន់តែខ្ពស់។
* អត្រាមានការងារធ្វើរបស់និស្សិត មានកម្រិតខ្ពស់។
* ជាសាកលវិទ្យាល័យឈានមុខគេមួយ ក្នុងចំណោមសាកលវិទ្យាល័យធំៗ ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្ស ដើម្បីកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។
* ដោយឈរលើបាវចនា (បណ្តុះបណ្តាលដើម្បីការងារ និងមុខរបរ បណ្តុះបណ្តាលដើម្បីភាពជោគជ័យក្នុងការងារ និងមុខរបរ)។
សាកលវិទ្យាល័យ មិនត្រឹមតែខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឥតឈប់ឈរនោះទេ ថែមទាំង ព្យាយាមរិះរកគ្រប់វិធីក្នុងការលើក កម្ពស់សម្ថភាព និងគុណភាព និស្សិត ដើម្បីទប់ទល់នឹងបញ្ហាប្រឈម នៃទីផ្សារការងារដែលតែងតែប្រែប្រួល នៅក្នុងបរិបថសា កលភាវូបនីយកម្ម និងសមាហរនកម្មក្នុងតំបន់។ ជាក់ស្តែងតាមរយៈសន្និសីទ ស៊ីយូអេស ២០២៥ សរបញ្ជាក់ឱ្យឃើញថា សាកលវិទ្យាល័យ ពិតជាបានត្រៀមចិត្ត ត្រៀមកាយ និងលក្ខណសម្បត្តិ រួចជាស្រេច ក្នុងការអភិវឌ្ឍសម្ថភាពរបស់ខ្លួន ក៏ដូចជានិស្សិតរបស់ខ្លួន ដើម្បីឆ្លើយតបដោយវិជ្ជមាន ទៅនឹងបញ្ហាប្រឈមនានា នៅពេលអនាគត។
ក្នុងឱកាសនោះ លោក មាស បូរ៉ា សាកលវិទ្យាធិការ CUS បានថ្លែងថា ថ្ងៃនេះសាខាសាកលវិទ្យាល័យឯកទេសនៃកម្ពុជាខេត្តកំពត បានរៀបចំសន្និសីទ សុីយូអេស ២០២៥ ស្ដីពី «ការសិក្សានៅឧត្តមសិក្សា និងឱកាសការងារ» ក្នុងគោលបំណង ជួយតម្រង់ទិសដល់ប្អូនៗសិស្សានុសិស្ស ក្នុងការជ្រើសរើសជំនាញឯកទេស សិក្សានៅថ្នាក់ឧត្តមសិក្សាឲ្យបានត្រឹមត្រូវ ការស្វែងយល់អំពីកត្តាជោគជ័យក្នុងការងារនិងមុខរបរ និងការយល់ដឹងអំពីលក្ខណៈសម្បត្តិរបស់បុគ្គលជោគជ័យ សម្រាប់ជាជំនួយសមារតីដល់ប្អូនៗ ក្នុងការរៀបចំអនាគតរបស់ខ្លួនឱ្យបានល្អប្រសើរ ព្រមទាំងបង្កើនភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការរបស់សាកលវិទ្យាល័យជាមួយស្ថាប័ននានាដែលមានសក្តានុពល ក្នុងការជួយលើកស្ទួយសេវានិស្សិត របស់សាកលវិទ្យាល័យឱ្យកាន់តែប្រសើរឡើង។
គោលបំណងខាងលើនៃសន្និសីទ ស៊ីយូអេស ២០២៥ លោកសាកលវិទ្យាធិការ បានវាយតម្លៃទុកជាមុនថា សន្និសីទនេះ ពិតជាមានអត្ថប្រយោជន៍ដ៍ច្រើន ជាពិសេសអត្ថប្រយោជន៍សម្រាប់ ប្អូនៗ ក្មួយៗ ដែលមានវត្តមាននៅទីនេះ។
ទន្ទឹមនេះ លោក មាស បូរ៉ា សំណូមពរ សូមឱ្យប្អូនៗ ក្មួយៗ ត្រូវព្យាយាម យកចិត្តទុកដាក់ ស្តាប់ និងរៀនសូត្រពីលោកបណ្ឌិតជាវាគ្មិនទាំងអស់ ដែលនឹងធ្វើបទបង្ហាញដ៏មានសារៈសំខាន់ក្នុងអង្គសន្និសីទ CUS ២០២៥ នាពេលនេះ។ សូមកុំឱ្យឱកាសល្អនារសៀលនេះកន្លងផុតទៅ ដោយឥតប្រយោជន៍។ លោកនឹងសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ប្អូនៗ នឹងទទួលបានចំណេះដឹងដ៏ល្អៗ ពីសន្និសីទ ស៊ីយូអេស២០២៥ ជាក់ជាមិនខាន៕