(ភ្នំពេញ)៖ សមាគមបណ្ណាល័យគំនិត បានសហការជាមួយរមណីយដ្ឋានធម្មជាតិភូមិរំដួល និងសមាគមអ្នកនិពន្ធខ្មែរ, ផ្ដួចផ្ដើមរៀបចំពិព័រណ៍សៀវភៅ លើកទី១ ក្រោមប្រធានបទ «អំណានជួយលើកកម្ពស់ការយល់ដឹង និងពង្រឹងវប្បធម៌អប់រំ»។ ពិព័រណ៍សៀវភៅនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៥ល្ងាច ស្ថិតនៅរមណីយដ្ឋានធម្មជាតិភូមិរំដួល ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ពិព័រណ៍សៀវភៅនេះ ប្រារព្ធឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងនិងវប្បធម៌នៃការអាននៅកម្ពុជា៖
* ១. លើកស្ទួយវប្បធម៌ការអាន ដោយជំរុញឱ្យប្រជាជនកម្ពុជាគ្រប់វ័យមានចំណាប់អារម្មណ៍ចំពោះការអាន និងការសិក្សា
* ២. ការផ្សព្វផ្សាយសៀវភៅ និងឯកសារផ្សេងៗ តាមរយៈការបង្ហាញស្នាដៃនិពន្ធថ្មីៗ និងលើកស្ទួយការផលិតសៀវភៅនៅកម្ពុជា
* ៣. ការចែករំលែកចំណេះដឹង និងបទពិសោធន៍ រៀបចំព្រឹត្តិការណ៍ដូចជា សួនអំណានសម្រាប់មនុស្សធំនិងកុមារ និងការតាំងបង្ហាញស្នាដៃសិល្បៈទាក់ទងនឹងសៀវភៅ
* និងទី៤. លើកទឹកចិត្តកវីនិពន្ធនិងអ្នកស្រាវជ្រាវខ្មែរដើម្បីបង្កើតស្នាដៃ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងឧត្តមភាព។
ដោយក្នុងនោះមានសកម្មភាពមួយចំនួនត្រូវបានរៀបចំឡើង រួមមានការចែកជូនសៀវភៅឥតគិតថ្លៃ, ការប្រឹក្សាយោបល់អំពីការអាននិងការតែងនិពន្ធ, ការទទួលការបរិច្ចាគសៀវភៅ, និងអនុញ្ញាតឱ្យមានការដាក់តាំងលក់សៀវភៅពីគ្រឹះស្ថានបោះពុម្ភនានាផងដែរ។
ព្រះតេជគុណសីលរក្ខិតោ រឹម ឈាវ ជាស្ថាបនិក និងប្រធានប្រតិបត្តិសមាគមបណ្ណាល័យគំនិត មានសង្ឃដីកាថា៖ «ការអានសៀវភៅ មិនអានឱ្យយើងក្លាយជាអ្នកមាន ប៉ុន្តែគ្មានអ្នកមានណាម្នាក់ដែលមិនអានសៀវភៅនោះទេ។ ចង់ក្លាយជាមនុស្សពូកែគិត ត្រូវតែពូកែអាន, យ៉ាណាមិញចង់ធ្វើជាមនុស្សពូកែនិយាយ ត្រូវតែពូកែជាដាច់ខាត»។
ព្រះអង្គ បានលើកទឹកចិត្តមនុស្សគ្រប់រូប គ្រប់សណ្ឋាន ជាពិសេសសិស្ស និស្សិត និងយុវជន ត្រូវតែចាប់យកការអានជាសំខាន់បំផុត។
គួរបញ្ជាក់ផងដែរថា បណ្ណាល័យគំនិត បង្កើតឡើងនៅឆ្នាំ២០១៨ ជាសមាគមដែលមិនស្វែងរកប្រាក់ចំណេញ មានបេសកកម្មសិក្សាស្រាវជ្រាវនិងបណ្ដុះបណ្ដាល, អភិវឌ្ឍបណ្ណាល័យនិងលើកកម្ពស់ការអាននៅកម្ពុជា និងកិច្ចគាំពារសង្គម៕