(សៀមរាប)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិម៉ានី បានថ្លែងបញ្ជាក់ថា «សំណេរអង្គរ» លើកទី២ នៅទីតាំងបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រអច្ឆរិយរបស់កម្ពុជា បានសបញ្ជាក់ពីការផ្សារភ្ជាប់គ្នា រវាងអត្តសញ្ញាណជាតិខ្មែរគ្រប់ប្រទេស និងគ្រប់ទម្រង់ ដែលសុទ្ធសឹងតែជាកេរដំណែលដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាន។
លោក ហ៊ុន ម៉ានី បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ នាឱកាសអញ្ជើញជាគណអធិបតីក្នុងកម្មវិធីសរសេរតាមអានសាធារណៈ «សំណេរអង្គរ» លើកទី២ ដែលបានធ្វើឡើងនាទឹកដីខេត្តសៀមរាប និងមានបេក្ខជនចូលរួមប្រកួត ១២២០អង្គ/នាក់។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងបញ្ជាក់ដូចនេះថា «កម្មវិធីប្រកួតសរសេរតាមអាន «សំណេរអង្គរ» ត្រូវបានរៀបចំឡើងនៅទីតាំងបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រអច្ឆរិយរបស់កម្ពុជា ដែលបានសបញ្ជាក់ពីការផ្សារភ្ជាប់គ្នារវាងអត្តសញ្ញាណជាតិខ្មែរគ្រប់ប្រទេស និងគ្រប់ទម្រង់ ដែលសុទ្ធសឹងតែជាកេរដំណែលដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាន បន្សល់ទុកពីបុព្វបុរសខ្មែរពីគ្រប់ជំនាន់»។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្ថែមថា កម្មវិធីប្រកួតសរសេរតាមអានសាធារណៈ «សំណេរអង្គរ» ជាវេទិកាដ៏មានសារសំខាន់ដែលបានចូលរួមចំណែកក្នុងការលើកតម្កើងវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ ឱ្យកាន់តែមានតម្លៃ និងរស់រវើកក្នុងបរិបទសាកលភាវូបនីយកម្ម និងការរីកចម្រើននៃបច្ចេកវិទ្យា និងបរិវត្តន៍ឧស្សាហកម្ម 4.0 ជាដើម។
សូមបញ្ជាក់ថា ការប្រកួតសរសេរតាមអានជាសាធារណៈ «សំណេងអង្គរ» លើកទី២ ត្រូវបានបង្កើតឡើងដោយក្រុមអ្នកស្រឡាញ់អក្សរសាស្រ្តខ្មែរ និងចូលរួមគាំទ្រដោយក្រសួងពាក់ព័ន្ធនានា ដែលកម្មវិធីនេះរៀបចំឡើងដើម្បី លើកស្ទួយភាសាខ្មែរ តាមរយៈការសរសេរតាមអាន បង្កើនចំណេះដឹង និងបង្ហាញពលរដ្ឋពីសារ:សំខាន់នៃភាសាខ្មែរ កម្មវិធីនេះដែរក៏ដើម្បីជួយជំរុញសក្ដានុពលទេសចរណ៍ក្នុងស្រុកផងដែរ។
បើតាមគណៈកម្មការរៀបចំការប្រកួត ក្នុងចំណោមបេក្ខជន ១ ២២០អង្គ/នាក់។ បេក្ខជនចាស់ជាងគេអាយុ ៨១ឆ្នាំ និងបេក្ខជនក្មេងជាងគេអាយុ ៦ឆ្នាំ៕