(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថា ក្នុងទង្វើរបស់ក្រុមប្រឆាំំងនៅកម្ពុជា, បើពោលអំពីអំពើឃាតកម្មទៅលើ លោក លិម កិមយ៉ា ជាសកម្មជនក្រុមប្រឆាំងនៅលើទឹកដីថៃ ថ្មីៗនេះ បន្ទាប់មកភ្លាមៗយើងឃើញបុគ្គលសម រង្ស៉ី និងគូកនរបស់ខ្លួន បានខិតខំស្ទុះស្ទារនិងធ្វើការចោទប្រកាន់ទាំងកម្រោលមកលើគណបក្សប្រជាជនកម្ពុជា , សម្ដេចតេជោ ហ៊ុន សែន ឬមកលើរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ទាំងគ្មានភស្តុតាងថា ជាឃាតកម្មនយោបាយ, ហើយនៅថ្ងៃទី១៨ មករា ឆ្នាំ ២០២៥នេះ យើងឃើញបុគ្គល សម រង្ស៊ី បានចេញមកប្រកូកប្រកាសយ៉ាងក្ដែងៗ បញ្ចេញវោហាសាស្រ្ដ ញុះញុង់ ពោរពេញដោយកំហឹងនិងភាពអំនួតអួតក្អេងក្អាងបំផុសឲ្យកងកម្លាំងប្រដាប់អាវុធ , សកម្មជនខ្លួនក្រោកឈរចុះផ្លូវដើម្បីវាយផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដូចសាធារណៈមតិជាតិនិងអន្ដរជាតិឃើញនេះ។
ក្នុងទង្វើប្រកូកប្រកាសរបស់ សម រង្ស៊ី នេះ លោក រ័ត្ន សណ្តាប់ យល់ថា ច្បាស់ណាស់! សម រង្ស៊ី ពិតជាមានចរឹកនិងចិត្តឆៅ ក្នុងការប្រើល្បិចកលដ៏ពិសពុលបូជាយញ្ញសកម្មជនខ្លួនស្រស់ៗ ហើយយកខ្មោចមកធ្វើជាឈើគូស១ដើម ដើម្បីដុតកំទេចព្រៃទាំងមូល។ ដោយហេតុថានរណាៗក៏គេដឹងដែរថា សម រង្ស៊ី មានមហិច្ឆតាស្រេកឈ្លានអំណាចយ៉ាងពុះកព្រ្ជោល គឺការធ្វើរដ្ឋប្រហារបង្ហូរឈាម ហៅថា "ចលនាផ្ការីក" ។ បើនិយាយឲ្យចំ គំនិតចលនាផ្ការីករបស់សម រង្ស៊ី គឺកាច់ផ្កា១ដើមឲ្យងាប់ ដើម្បីធ្វើជាចំហេះភ្លើងបង្កើតជាអណ្តាតភ្លើងយកទៅដុតផ្កាឬដុតព្រៃទាំងមូលឲ្យឆេះខ្ទេចខ្ទីពេញប្រទេសហ្នឹងឯង។
លើសពីនេះទៀត អ្វីដែលយើងមើលឃើញ សម រង្ស៊ី កំពុងសើមមាត់សើម-កនិងយ៉ាងឆ្ញាញ់មាត់ទៀតនោះគឺ៖
ទី១៖ សម រង្ស៊ី បានយកខ្មោចមកធ្វើជាជំនួញបុណ្យដើម្បីប្រមូលប្រាក់ពីសកម្មជនរបស់ខ្លួនសម្រាប់ទ្រទ្រង់ដល់ហោប៉ៅខ្លួនកុំឲ្យរីងស្ងួតដើម្បីដើរកំសាន្ដកន្លែងល្អៗ និងអាហារថ្លៃៗបន្ដបង្អួតសម្ញែងបង្ហោះលើបណ្តាញសង្គមFacebook។
ទី២៖ សម រង្សុី បានយកខ្មោចមកធ្វើជាឈើគូស១ដើម ដើម្បីបញ្ឆេះកំហឹងសកម្មជនខ្លួនឲ្យងើបឈរចុះផ្លូវ ធ្វើរដ្ឋប្រហារបង្ហូរឈាម ដុតកំទេចព្រៃទាំងមូល ក្នុងគំនុំសងសឹកដល់បុគ្គលខ្លួននិងវង្សត្រកូលខ្លួនជាជនក្បត់ជាតិជាប់តំណជំនាន់មក។
ហេតុនេះអ្វីដែលយើងឃើញទង្វើរបស់បុគ្គលសម រង្ស៉ី និងគូកនរបស់ខ្លួន បានខិតខំស្ទុះស្ទារទាំងកម្រោលនិងបានភ្ជាប់នូវតួនាទីរបស់ជនជាប់សង្ស័យនេះ ឬតួនាទីរបស់ជនជាប់សង្ស័យនោះ ថា មានជាប់ពាក់ព័ន្ធនឹងសម្ដេចតេជោ ហ៊ុន សែន គឺជារឿងមួយដ៏គួរឲ្យអស់សំណើចបំផុត។ ព្រោះការតែងតាំងដល់បុគ្គលនីមួយៗ ដែលបានភ្ញាក់រលឹកចេញមកពីគណបក្សផ្សេងៗ គឺសម្ដេចតេជោ តែងសន្ដោសប្រណីដោយគុណធម៌ក្នុងស្មារតីផ្សះផ្សារ និងឯកភាពជាតិដ៏ស្មោះសរបំផុតតាំងពីដើមរៀងមករហូតដល់ប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍ មានរាជរដ្ឋាភិបាលតែមួយ, កងកម្លាំងប្រដាប់អាវុធតែមួយ និងស្ថិតក្រោមម្លប់ដ៏ត្រជាក់នៃព្រះមហាក្សត្រតែមួយ ដោយមិនប្រកាន់និន្នាការនយោបាយ ឬសាសនាអ្វីទ្បើយ។ បើពោលឲ្យខ្លី លើកលែងតែសត្រូវអស់កប្បរបស់សម្ដេចតេជោ ហ៊ុន សែន គឺការវិលត្រឡប់មកវិញនូវរបបខ្មែរក្រហមប្រល័យពូជសាសន៍ពីអតីតកាល ឯបច្ចុប្បន្នសត្រូវអស់កប្បរបស់សម្ដេចតេជោ ឬរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត គឺបុគ្គលណាដែលប៉ុនប៉ងបំផ្លាញសន្ដិភាព នាំប្រទេសកម្ពុជាវិលទៅរកសង្រ្គាមវិញតែប៉ុណ្ណេាះ៕